ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានលើក ទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមរាល់កិច្ចប្រជុំអភិវឌ្ឍរបស់ឃុំ ដើម្បីទទួលបាននូវ អត្ថប្រយោជន៍ និងតម្រូវការជាក់ស្ដែង
(កំពង់ធំ )÷ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលលោក និងសមាជិកសមាជិកា ព្រមទាំងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញជាអធិបតីភាព«ក្នុងវេទិផ្សព្វផ្សាយពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកអាណត្តិទី៤»នៅក្នុងឃុំសំព្រោជ កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅវត្តល្វា ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកប្រធានបានសង្កត់ធ្ងន់ថា កាលណាប្រជាពលរដ្ឋបានចូលរួមប្រជុំជាក់ស្ដែង និងបង្ហាញពីបានកង្វល់ ព្រមទាំងបញ្ហារបស់ខ្លួន ជូនដល់អាជ្ញាធរឬក្រុមប្រឹក្សាឃុំដើម្បីយកទៅដាក់បញ្ចូលនៅក្នុងផែនការអភិវឌ្ឍ និងប្រើប្រាស់ថវិកាមូលនិធិឃុំក៏ដូចជាថវិការបស់ក្រុមការងារចុះជួយមូលដ្ឋាននោះពិតជាធាតុចូលដ៏សំខាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងបំផុតរបស់ប្រជាពលរដ្ឋ ហើយអាជ្ញាធរឃុំត្រូវពិនិត្យលទ្ធភាពជាក់ស្ដែង និងអាទិភាពបំផុតក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។
ជាមួយនឹងការពិភាក្សាដោះស្រាយបញ្ហា៧ចំណុចនៅក្នុងវេទិកានេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានបញ្ជាដាច់ខាតដល់អាជ្ញាធរឃុំ នាយសង្កាត់រដ្ឋបាលជលផលស្ទោង និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោជ ព្រមទាំងជំនាញពាក់ព័ន្ធ ត្រូវសហការគ្នាខ្ពស់ក្នុងការទប់ស្កាត់បទល្មើសនេសាទនៅក្នុងរដូវបិទនេសាទឆ្នាំនេះហើយត្រូវចុះសិក្សាស្រាវជ្រាវរកឱ្យឃើញនូវឧបករណ៍នេសាទខុសច្បាប់នានាដូចជាម៉ាស៊ីនឆក់ ឬស្បៃមុងខុសច្បាប់ផ្សេងៗទៀតឱ្យខាងតែបាន ដែលជាការចូលរួមចំណែកយ៉ាងធំធេងបំផុតក្នុងការអភិរក្សធនធានមច្ឆជាតិ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី ៧ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាចុងបញ្ចប់លោកអភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវ រួបរួមសាមគ្គីសហការគ្នាខ្ពស់ ក្នុងការថែរក្សាផ្លូវសាធារណៈ ជាពិសេសការថែរក្សានិងបើកប្រព័ន្ធធារាសាស្ត្រប្រព័ន្ធបង្ហូរទឹកដែលជាប្រព័ន្ធស្រោចស្រពដ៏មានអទិភាពនិងសក្តានុពលសម្រាប់មូលដ្ឋានយើងដែលជាមូលដ្ឋានធ្វើស្រែស្រូវជាពិសេសស្រូវប្រាំង ដែលនៅក្នុងតំបន់ខ្លះយើងអាចធ្វើស្រែបានរហូតដល់ទៅពីរដង ហើយជាចំណែកមួយក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករកាន់តែប្រសើរឡើងថែមទៀត។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយ-អ៊ុមញឹប។