ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្តនាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជានេសាទ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានបន្តដឹកនាំសហការី នាំយកអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជានេសាទ ដែលមានជីវភាពលំបាកខ្វះខាត ចំនួន២០ គ្រួសារ និងផ្សព្វផ្សាយសភាពករណ៍ថ្មីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ព្រមទាំងអនុសាសន៍៦ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់ប្រជានេសាទ និងកងកម្លាំងចម្រុះ ដែលកំពុងបំពេញភារកិច្ចនៅក្នុងតំបន់បឹងទន្លេសាប ក្នងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះ ដែលរួមសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ រួមជាមួយប្រជានេសាទមួយចំនួន ដែលអនុវត្តបានល្អតាមច្បាប់ជលផល និងការណែនាំរបស់ស្ថាប័នជំនាញក្នុងការប្រកបមុខរបរនេសាទ ។ ជាមួយនោះដែរ កងកម្លាំងចម្រុះទាំងអស់ បានរួមសហការគ្នាក្នុងការការពារទប់ស្ចាត់និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទទួលបានលទ្ធផលប្រសើរ ដើម្បីរក្សាធនធានមច្ឆជាតិរបស់យើង ទុកសម្រាប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអនុសាសន៍៦ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់ប្រជានេសាទ និងកងកម្លាំងចម្រុះ ឲ្យបានយល់ជ្រួតជ្រាបនិងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការជឿជាក់លេីការដឹកនាំរបស់ប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានជំហរយ៉ាងមុឺងម៉ាត់ក្នុងការការពារបូណភាពទឹកដី និងអធិបតេយ្យភាពមិនឲ្យមានខ្មាំងសត្រូវណាមករំលោភ បំពានបានឡេីយ ។ ហើយនៅក្នុងឱកាសនេះដែរ ឧត្ដមសេនីយ៍ទោសោម ស៊ុន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តា កុំប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ព្រោះនេះជារដូវបិទនេសាទ ដែលការប្រេីប្រាសឧបករណ៍នេសាទខុសច្បាប់នាំឲ្យមានទោសដល់ខ្លួន និងបង្កផលលំបាកដល់ក្រុមគ្រួសារ នីមួយៗ និងសហគមន៍យើង ។ ដូច្នេះសំណូមពរសុំឱ្យយើងទាំងអស់គ្នា ត្រូវចូលរួមអនុវត្តតាមច្បាប់ និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែគិតគូរដោះស្រាយចំពោះប្រជាពលរដ្ឋទូទៅ នៅគ្រប់ទិសទី ដើម្បីសង្គមជាតិយើងទាំងមូល ។
នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ជូនចំពោះប្រជាសាទ ដែលមានជីវភាពលំបាកខ្វះខាតចំនួន ២០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ ២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ។ អត្ថបទដោយ សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។