ឯកឧត្តម អ៉ិន ចន្ថា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារបន្តត្រីមាសទី៣ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)÷ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ព្រមទាំងមានការអញ្ជើញចូលរួមឯកឧត្តម តេ យ៉ូស៊ូ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សែ វផន អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាលរងក្រុង/ស្រុក ប្រធានការិយាល័យអភិវឌ្ឍន៍ក្រុង/ស្រុក និងអង្គការដៃគូក្នុងខេត្តសរុបចំនួន៥៦នាក់ ស្រី០៦នាក់ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលបានរាយការណ៍ដោយ លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំរួចមក ឯកឧត្តម អ៉ិន ចន្ថា បានបញ្ចាក់ថា ស្របតាមយុទ្ធសាស្ត្រ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងចូលរួមយ៉ាងសកម្មតាមកម្មវិធីអាទិភាពសំខាន់ៗ ទាំង៥របស់ក្រសួងគឺ៖ ១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់។ ២.ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យជនបទ។ ៣.ការជំរុញអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគម្រូ។ ៤.ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ។ ៥.ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់អង្គពិធីទាំងមូលផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តឱ្យកាន់តែស៊ីជំរៅរាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដោយផ្អែកលើបាវចនាចំនួន៥គឺ៖ (កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព) មានគោលដៅជាយុទ្ធសាស្ត្រចំនួន៥គឺ៖ ១-ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ ២-បង្កើតការងារឱ្យបានកាន់តែច្រើន, ៣-សម្រេចឱ្យបាននូវគោលដៅ ៤-កាត់បន្ថយភាព ក្រីក្របន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន ៥-ការធានាឱ្យបាននូវចីរភាព នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ជាមួយគ្នានេះផងដែរឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភវឌ្ឍន៍ជនបទ បានបន្ថែមថា រាជរដ្ឋាភិបាលបានកំណត់យក វិស័យអាទិភាពគន្លឹះចំនួន៥រួមមាន(មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល)ក្នុងគោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូល កម្រិតខ្ពស់នៅឆ្នាំ២០៥០។ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទកំពុងចូលរួ មយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ឱ្យកាន់តែរីកចម្រើនជាលំដាប់។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប។