អភិបាលខេត្តកំពង់ធំ៖ ភាពសប្បាយរីករាយ និងការរស់នៅដោយសុភមង្គល ព្រមទាំងការអភិវឌ្ឍដ៏ជឿនលឿន គឺបានមកពីកត្តាសុខសន្តិភាព
(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ៖ «ភាពសប្បាយរីករាយ និងការរស់នៅដោយសុភមង្គល ព្រមទាំងការអភិវឌ្ឍដ៏ជឿនលឿន គឺបានមកពីកត្តាសុខសន្តិភាព។ » ឯកឧត្តម លើកឡើងបែបនេះ ក្នុងពិធីកាន់បិណ្ឌវេនទី៥ នៅវត្តគុហនគរ ស្ថិតក្នុងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងកម្មវិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជំវិញខេត្ត អភិបាលស្រុកតាំងគោក អភិបាលរងស្រុក មន្ត្រីរាជការជុំវិញស្រុក និងលោកយាយ លោកតា ប្រជាពលរដ្ឋចំណុះជើងវត្តគុហនគរ ជាច្រើនរូបផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម នួន ផារ័ត្ន បានឡើងថា មកដល់ពេលនេះ កម្ពុជារកបានសុខសន្តិភាពពេញលេញ ហើយសុខសន្តិភាពនេះ បានផ្តល់នូវឱកាសដ៏មហាសាលសម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍសង្គមកម្ពុជាឱ្យរីកចម្រើន និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ ព្រោះតែបែបនេះ ទើបនាំឱ្យមានការមើលឃើញថា សន្តិភាព គឺជាកត្តាកំណត់លើការអភិឌ្ឍ ការរីកចម្រើន និងការរស់នៅប្រកបដោយសេចក្តីសុខរបស់ប្រជាជន ដែលនាំឱ្យប្រទេសមានការរីកចម្រើនដូចសព្វថ្ងៃ។ ដូច្នេះប្រជាពលរដ្ឋត្រូវរួបរួមគ្នាការពារ និងថែរក្សាសុខសន្តិភាពនេះឱ្យបានគង់វង់។
ឯកឧត្តមបានបន្តថា កត្តាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាចរន្តដ៏ប្រសើរថ្លៃថ្លានាំមកនូវការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងជាមាគ៌ានាំមកនូវសង្គម និងប្រជាជាតិទាំងមូល ឲ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់។ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបន្តវេនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍។
ជាចុងក្រោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត សូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមថែរក្សានូវសុខសន្តិភាព និងនាំគ្នាថែរក្សាពិធីបុណ្យប្រពៃណី ដែលជាមរតកកេរ្តិ៍ដំណែលវប្បធម៌របស់ដូនតាខ្មែរ ឲ្យបានស្ថិតស្ថេរគង់វង្ស តាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ ឲ្យចេះទៅធ្វើបុណ្យ ដើម្បីអភិរក្សពិធីបុណ្យប្រពៃណីជាតិដ៏ល្អផូរផង់នេះកុំឲ្យបាត់បង់។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិបែបព្រះពុទ្ធសាសនាដ៏ធំមួយនៅកម្ពុជា ហើយពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យរួច។