ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ លើកយកនូវរបៀបវារៈចំនួន៤នៃកិច្ចប្រជុំ ដើម្បីពិនិត្យ និងអនុម័ត
(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ លំ គន្ធារី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្ត មន្ត្រីសាលាខេត្ត កងកម្លាំងទាំង៣ ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ដៀប ពីរី បានលើកយកនូវរបៀបវារៈនៃកិច្ចប្រជុំរួមមានៈ ១. ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ២. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ៣. ពិនិត្យ និងអនុម័តលើសំណើតែងតាំងមន្ត្រីរាជការ និងបន្តអាណត្តិគណៈអភិបាលស្រុក និង ៤. បញ្ហាផ្សេងៗ ដើម្បីពិនិត្យ និងអនុម័តដោយការលើកដៃ។
ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្តកំពង់ធំមានភាពរីកចម្រើន បានលិចចេញនូវសមិទ្ធិផលជាច្រើន បង្កើននូវភាពទាក់ទាញ និងចាប់អារម្មណ៍ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេស បានទាក់ទាញអ្នកវិនិយោគក្នុងប្រទេស និងក្រៅប្រទេស ចាប់អារម្មណ៍ពីសក្តានុពលក្នុងឱកាសវិនិយោគលើទឹកដីខេត្តកំពង់ធំ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ប្រែក្លាយខេត្តកំពង់ធំពីខេត្តដែលឆ្លងកាត់ មកជាខេត្តដែល មានអ្នកទេសចរណ៍ចូលស្នាក់នៅ ដើរលេងកំសាន្ត ប្រកបដោយក្តីសប្បាយរីករាយ ។
លោកជំទាវ លំ គន្ធារី ថ្លែងថា ខេត្តកំពង់ធំនាពេលបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំខេត្ត ជាពិសេស ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្តមានការរីកចម្រើនគ្រប់វិស័យ ព្រមទាំងទទួលបានការសាទរពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់រូប ធ្វើឱ្យខេត្តកំពង់ធំ ផ្លាស់ប្តូរមុខមាត់ថ្មី ទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគជាច្រើន មកបណ្តាក់ទុនវិនិយោគក្នុងខេត្ត បានបង្កើនកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។អត្ថបទ ចន្ថា បុណ្យឫទ្ធិ

















![]()
