លោក គង់ សំអាត ជំរុញឱ្យមន្ត្រីក្រោមឱវាទបំពេញការងារដោយមានឆន្ទៈ គោរពពេលវេលា អនុវត្តវិន័យការងារឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំធ្វើមន្ត្រីមានមុខតែពេលប្រជុំ ឬមន្ត្រីជើងដប់
(កំពង់ធំ)÷ លោក គង់ សំអាត ជំរុញឱ្យមន្ត្រីក្រោមឱវាទបំពេញការងារដោយមានឆន្ទៈ គោរពពេលវេលា អនុវត្តវិន័យការងារឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំធ្វើមន្ត្រីមានមុខតែពេលប្រជុំ ឬមន្ត្រីជើងដប់
លោកគង់ សំអាត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្កបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំប្រចាំខែ ជាមួយមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុករសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២៦។
លោកអភិបាលស្រុក ជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវការបំពេញការងាររបស់ផ្នែកនីមួយៗ គឺប្រព្រឹត្តទៅស្របតាមរចនាសម្ព័ន្ធដែលច្បាប់ និងក្រសួងមហាផ្ទៃ បានកំណត់ទៅតាមលំដាប់ឋានានុក្រម ជាពិសេសអង្គភាពច្រកចេញចូលតែមួយ សំដៅធ្វើយ៉ាងណាក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព លឿនរហ័ស ទាន់ចិត្ត និងមានការទទួលខុសត្រូវខ្ពស់ លើកិច្ចការងាររបស់ខ្លួន ដែលបានអនុវត្តជាប្រចាំ ធ្វើយ៉ាងណាសំដៅគោរពពេលវេលា គោរពវិន័យការងារមិនត្រូវធ្វើជាមន្ត្រីដែលមានមុខតែពេលប្រជុំ ឬក៏មន្ត្រីជើងដប់។
ជាមួយគ្នានោះលោកអភិបាលស្រុក ក៏បានធ្វើការណែនាំ-ផ្តាំផ្ញើ នូវកិច្ចការសំខាន់ៗមួយចំនួនដល់មន្ត្រីក្រមឱវាទក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលសាលាស្រុកប្រាសាទបល្ល័ង្ក ដែលនឹងត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានល្អ ខ្ជាប់ខ្ជួន ម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ខិតខំបំពេញតួនាទី-ភារកិច្ចក្នុងការអនុវត្តការងារប្រចាំថ្ងៃ។
ក្នុងនោះលោកអភិបាលបានសង្កត់ធ្ងន់ដល់មន្ត្រីទាំងអស់ត្រូវតែមានសាមគ្គីភាពផ្ទៃក្នុង សហការក្នុងការអនុវត្តការងារជាមួយអង្គភាពស្ថាប័នពាក់ព័ន្ធដើម្បីទទួលបានលទ្ធផលល្អ និងការអភិវឌ្ឍនៅតាមមូលដ្ឋានអោយស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងអាណត្តិទី៧នេះ និងត្រូវអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាឱ្យបានម៉ឺងម៉ាត់ ដើម្បីទទួលបានជោគជ័យ, ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការដឹកនាំ ចាត់ចែងអនុវត្តការងារជាប្រចាំ និងជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព តម្លាភាព និងភាពរហ័សរហួន ជាពិសេស បន្តខិតខំអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលទាំង៧ចំណុច។ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យដោយអ៊ុមញឹប។









![]()
