មន្ទីរព័ត៌មានខេត្តកំពង់ធំ ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ នាយកសាលា លោកគ្រូអ្នកគ្រូ នៅវិទ្យាល័យទ្រៀល និងវិទ្យាល័យ ជា ស៊ីម កំពង់ថ្ម ត្រៀមរៀបចំយុទ្ធនាការ(និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ) ជំហានទី២
(កំពង់ធំ)÷ មន្ទីរព័ត៌មានខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ នាយកសាលា លោកគ្រូអ្នកគ្រូ នៅវិទ្យាល័យទ្រៀលស្រុកតាំងគោក ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ និងវិទ្យាល័យ ជា ស៊ីម កំពង់ថ្ម ស្រុកបារាយណ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នាពេលខាងមុខនេះ ដើម្បីសម្របសម្រួល និងត្រៀមរៀបចំពិធីយុទ្ធនាការ(និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ) ជំហានទី២។
ក្នុងកិច្ចប្រជុំនេះ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានលើកឡើងពីគោលបំណងសំខាន់នៃយុទ្ធនាការ គឺដើម្បីលើកកម្ពស់ការយល់ដឹងរបស់យុវជន សិស្សានុសិស្ស អំពីព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ព្រមទាំងជំរុញឱ្យយុវជនក្លាយជាកម្លាំងស្នូល ក្នុងការចូលរួមទប់ស្កាត់ការផ្សព្វផ្សាយ ព័ត៌មានមិនពិតនៅលើបណ្ដាញសង្គម និងក្នុងសហគមន៍។
លោកស្រីប្រធានមន្ទីរ ក៏បានស្នើឱ្យថ្នាក់ដឹកនាំសាលា និងលោកគ្រូអ្នកគ្រូ សហការរៀបចំ និងលើកទឹកចិត្តឱ្យសិស្សានុសិស្សចូលរួមឱ្យបានច្រើនកុះករ ដើម្បីឱ្យ យុទ្ធនាការនេះទទួលបានជោគជ័យ ក្នុងការអប់រំយុវជន និងសិស្សានុសិស្ស។ ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងព័ត៌មាន ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសរុបជាង ២,៥០០នាក់។
ក្នុងឱកាសនោះ សិស្សានុសិស្ស និងចូលរួម
កាន់កម្មវិធីធ្វើការប្ដេជ្ញាចិត្តរួមគ្នា «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» តាមរយៈការលើកបដា កាន់ស្ទីកឃ័រ និងខិតប័ណ្ណផ្សព្វផ្សាយ ដែលមានខ្លឹមសារអប់រំអំពីការប្រឆាំងព័ត៌មានក្លែងក្លាយ។ លើសពីនេះ កម្មវិធីទាំងមូលនឹងដឹកនាំដោយយុវជនសិស្សានុសិស្សផ្ទាល់ ដែលជាការលើកទឹកចិត្តឱ្យយុវជន មានតួនាទីសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ។
កម្មវិធីក៏នឹងមានការរៀបចំល្បែងកម្សាន្ត ការឆ្លើយសំណួរ–ចម្លើយ អំពីចំណេះដឹងបែងចែកព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ព្រមទាំងផ្ដល់នូវ វត្ថុអនុស្សាវរីយ៍ជូនដល់សិស្សានុសិស្សដែលចូលរួមយ៉ាងសកម្ម ដើម្បីបង្កើនភាពសប្បាយរីករាយ។
ជាមួយគ្នានេះ លោកនាយកវិទ្យាល័យទ្រៀល លោកនាយកវិទ្យាល័យ ជា ស៊ីម កំពង់ថ្ម និងលោកគ្រូអ្នកគ្រូ បានសម្ដែងការគាំទ្រ និងប្ដេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរព័ត៌មានខេត្តកំពង់ធំ ក្នុងការរៀបចំយុទ្ធនាការនេះ ដោយចាត់ទុកថា ជាឱកាសដ៏មានតម្លៃសម្រាប់យុវជន សិស្សានុសិស្ស ទទួលបានចំណេះដឹងបន្ថែម អំពីការវិភាគ ប្រភពព័ត៌មាន ការផ្ទៀងផ្ទាត់ព័ត៌មាន និងការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវ។
សូមបញ្ជាក់ផងដែរថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន ក្នុងការកសាងវប្បធម៌ផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងបណ្តុះស្មារតីយុវជនឱ្យចេះគិត ពិចារណា និងផ្ទៀងផ្ទាត់ព័ត៌មាន មុននឹងជឿ ឬចែករំលែក ដើម្បីរួមចំណែកកសាងសង្គមឌីជីថលមួយដែលមានសុវត្ថិភាព និងទំនួលខុសត្រូវ។ អត្ថបទលោក ប៉ាត ពណ្ណរាយ









![]()
