រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំពិភាក្សាលម្អិតលើការរៀបចំព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ នៅតំបន់ប្រាសាទសំបូរព្រៃគុក
(AKPកំពង់ធំ )៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រាសាទតោ តំបន់ប្រាសាទសំបូរព្រៃគុក ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំពិភាក្សាលម្អិត ស្តីពីការរៀបចំព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ (Road-Map) នៅតំបន់ប្រាសាទសំបូរព្រៃគុក ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ» ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ឆាប់ៗនេះ។
កិច្ចប្រជុំនេះបានផ្តោតលើការពិនិត្យ និងពិភាក្សាលម្អិតអំពីផែនការរៀបចំព្រឹត្តិការណ៍ រួមមានការកំណត់ទីតាំង និងផ្លូវប្រកួត ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សេវាសង្គ្រោះបន្ទាន់ ការរៀបចំបរិស្ថាន អនាម័យ និងការសម្របសម្រួលតួនាទីភារកិច្ចរវាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យការរៀបចំព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យ។
ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧–៨ កក្កដា ២០២៦) ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងធម្មជាតិរបស់ខេត្តកំពង់ធំ ដើម្បីជំរុញកំណើនភ្ញៀវទេសចរក្នុងរដូវកាលបៃតង និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានតាមរយៈវិស័យទេសចរណ៍។
ក្នុងកិច្ចប្រជុំ ឯកឧត្តមទាំងពីរ បានណែនាំឱ្យអង្គភាពពាក់ព័ន្ធទាំងអស់បន្តពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធ រៀបចំផែនការលម្អិត និងត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាព និងការផ្តល់សេវាជូនអ្នកចូលរួម ដើម្បីធានាថាព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏មានសារៈសំខាន់ និងទាក់ទាញការចូលរួមពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ» ត្រូវបានរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរជាតិសំបូរព្រៃគុក និងវិស័យឯកជន ក្នុងគោលបំណងរួមបញ្ចូលការលើកកម្ពស់វិស័យកីឡា ទេសចរណ៍ និងការអភិរក្សបេតិកភណ្ឌវប្បធម៌ ដើម្បីផ្សព្វផ្សាយពីតម្លៃជាប្រវត្តិសាស្ត្រ និងសក្តានុពលទេសចរណ៍នៃតំបន់ប្រាសាទសំបូរព្រៃគុកឱ្យកាន់តែទូលំទូលាយ។
* អត្ថបទនិងរូបភាព៖ រិទ្ធី ពិនិត្យដោយលោកស្រីកែវ បូរី











![]()
