ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យ ព្យាបាល វះកាត់ភ្នែក និងផ្ដល់វ៉ែនតាជំនួយការមើលដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ២៧០០នាក់ ក្នុងស្រុកស្ទោង
(កំពង់ធំ)៖ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ ព្យាបាល វះកាត់ និងផ្តល់វ៉ែនតាជំនួយការមើលដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋចំនួន ២៦០០នាក់ក្នុងស្រុកស្ទោង ខេត្តកំពង់ធំថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលរស់នៅតំបន់ជនបទដាច់ស្រយាលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកចូលរួមក្នុងកម្មវិធីថ្ងៃនេះ សូមបន្តថែរក្សាសុខភាពឱ្យបានល្អថែមទៀត ដោយរក្សាឱ្យបានខ្ជាប់ខ្ជួននូវអនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់បង្ការនូវជំងឺឆ្លងផ្សេងៗ ក្នុងរដូវវស្សា និងបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា កន្លងមកនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទោង ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ បានសម្របសម្រួលនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចម្រុះជាតិសាសន៍ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកស្ទោង បានចំនួនពីរលើករួចមកហើយគឺ លើកទី១នៅថ្ងៃទី៥-៧ ខែកក្កដា ឆ្នាំ២០២៥ ពិនិត្យព្យាបាលជូនប្រជាពលរដ្ឋប្រមាណ ៣០០០នាក់ និងលើកទី២នៅថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០២៦ ពិនិត្យព្យាបាលជូនប្រជាពលរដ្ឋប្រមាណ១៥០០នាក់ ព្រមទាំងបានបញ្ជូនអ្នកជំងឺត្រចៀកទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ។
ចក្ខុបណ្ឌិត លុន ម៉ារ៉ា ជាក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តបានបញ្ជាក់ថាក្រុមគ្រូពេទ្យទាំងអស់មានចំនួន៥៦ នាក់ បានមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋបានចំនួន២៧០០នាក់និងបានផ្ដល់វ៉ែនតានិងចែកជូនថ្នាំបានចំនួន ២,៥០០នាក់។
លោកបន្តថាយើងធ្វើការវះកាត់ជូនគាត់មានជំងឺឡើងបាយភ្នែក និង ជំងឺកន្ទុយថ្លែន មាន៦៨នាក់ហើយ ៣០ ករណីទៀតយើងបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញហើយ ជំងឺដែលយើងបញ្ជូនទៅវះកាត់នៅភ្នំពេញដោយសារមានករណីខ្លះជាករណីពិបាកហើយករណីមួយចំនួនដោយសារយើងមានពេលវេលាតែមួយថ្ងៃតែអ្វីដែលសំខាន់យើងមានក្រុមការងារតាមដានគាត់រហូតមានជូនគាត់ទាំងទៅទាំងមកត្រឡប់មកវិញហើយយើងតាមថែរក្សាក្រោយការវះកាត់មិនឱ្យត្រូវទឹកបញ្ហាមិនឲ្យត្រូវទឹកគឺមួយខែទៅមួយខែកន្លះហើយយើងផ្ដល់ថ្នាំហើយការដាក់ថ្នាំគឺឲ្យគាត់ដាក់ឲ្យបានទៀងទាត់ ចំពោះអ្នកជំងឺឡើងបាយគឺតមមិនឲ្យត្រូវទឹកពីមួយខែទៅមួយខែកន្លះ។
លោកបញ្ជាក់ថាជាការពិតនៅក្នុងខេត្តកំពង់ធំគឺយើងមានមន្ទីរពេទ្យបង្អែកកំពង់ធំមានគ្រូពេទ្យភ្នែក ប្រជាពលរដ្ឋនៅក្នុងខេត្តអាចអញ្ជើញទៅពិនិត្យភ្នែកបានប្រសិនបើមានបញ្ហាភ្នែក។
ជាមួយគ្នានេះប្រជាពលរដ្ឋដែលមកទទួលការពិនិត្យព្យាបាលវះកាត់ភ្នែកនិងវ៉ែនតា បានសំដែងនូវក្តីរំភើបនិងរីករាយបំផុតពេលដែលពួកគាត់ត្រូវបានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តវះកាត់ពិនិត្យព្យាបាលជូនពួកគាត់ដោយឥតគិតថ្លៃ ដោយសារពួកគាត់ទទួលបាននូវការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំហើយបងប្អូនក៏បានថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម សូមឲ្យមានសុខភាពល្អនិងបន្តដឹកនាំកម្ពុជាឲ្យរីកចម្រើនជាពិសេសជួយមើលកូនចៅនៅតំបន់ជនបទដាច់ស្រយាលថែមទៀតផង។




















![]()
