ព្រះអនុគណស្រុកស្ទោង ដឹកនាំព្រះមន្ត្រីសង្ឃនិងពុទ្ធបរិស័ទ និមន្តនិងអញ្ជើញសួរសុខទុក្ខលើកទឹកចិត្តវរ:កងទ័ពជួរមុខចំណុចមុំបី
(កំពង់ធំ )÷ ព្រះបុណ្ណញាណ ណិប អ៊ាន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះធម្មធរគណខេត្តកំពង់ធំ និងជាព្រះបរិត្តកោសល្យ ព្រះអនុគណស្រុកស្ទោង និងព្រះមុនីធម្មវេទី ឡាំ អិត ព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសមុហ៍គណខេត្តកំពង់ធំ បាននិមន្តដឹកនាំព្រះមន្រ្តីសង្ឃ និងសហការី ព្រមទាំងពុទ្ធបរិស័ទស្រុកស្ទោង និងអញ្ជើញចុះសុខទុក្ខលើកទឹកចិត្តវរៈកងទ័ពស្ថិតនៅក្នុងចំណុចមុំបី និងកងពលលេខ៩ ចំណុះកងពលលេខ៣ តំបន់មុំបី ភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។
ទាំងនេះសឱ្យឃើញពីការយកចិត្តទុកដាក់របស់ព្រះអង្គនិងព្រះមន្ត្រីសង្ឃ ក្នុងការសម្រាលបន្ទុកឬការលំបាកផ្សេងៗ និងលើកទឹកចិត្តវីរៈកងទ័ព ដែលបានពលីនូវសាច់ស្រស់ឈាមស្រស់និងកម្លាំងកាយចិត្តប្រកៀកស្មាគ្នា ការពារជាតិមាតុភូមិ ក្នុងនាមជាអ្នកសមរភូមិមុខ និងសមរភូមិក្រោយ ក្នុងការការពារបូរណភាពទឹកដីដ៏ស្រស់បំព្រងទឹកដីសុវណ្ណភូមិ នៃយើងមិនឱ្យមានការរំលោភបំពានឬការឈ្លានពាននិងបង្ករអរិភាពឥតឈរពីបរទេសណាមួយនោះឡើយ ជាពិសេសព្រះអង្គគាំទ្រយ៉ាងពេញទំហឹងនូវជំហរឥតងាករេ និងភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំយកបញ្ហាប្រាសាទតាមាន់តូច ប្រាសាក់តាមាន់ធំ ប្រាសាទតាក្របី និងចំណុចចុងបូកមុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ( ICJ) ហើយព្រមទទួលយកនូវសាលក្រមឬយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិមួយនេះផងដែរ។
សូមបញ្ជាក់ថានៅក្នុងឱកាសនេះ ព្រះអង្គ និងព្រះមន្ត្រីសង្ឃព្រមទាំងពុទ្ធបរិស័ទ បានធ្វើពិធីប្រោះព្រំលើករាសីការពារវរ:កងទ័ពយើង ហើយបានឧបត្ថម្ភនូវបច្ច័យចំនួន១២លានរៀល សម្ភារប្រើប្រាស់ ស្បៀង និងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀតផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង