ឯកឧត្តម នួន ផារ័ត្ន អញ្ជើញត្រួតពិនិត្យការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់ ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលកំពុងដំណើរការសាងសង់ នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរាយការណ៍បញ្ជាក់ថា ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានទំហំជាង៣១៨ ម៉ែត្រ ការ៉េ ហេីយគិតមកដល់ពេលនេះមានរយៈពេល ៤៥ថ្ងៃហើយ ។ ចំពោះលទ្ធផលនៃការសាងសង់ បានប្រមាណ ៦០ % រួចហើយ ។ បច្ចុប្បន្នកំពុងដំណើរការសាងសង់បន្ត ដែលត្រូវនឹងបញ្ចប់នៅមុនបំណាច់ឆ្នាំ ២០២៥ ខាងមុខនេះ។
ឯកឧត្តម នួន ផារ័ត្ន បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមជាងសំណង់ ដែលបានខិតខំប្រឹងប្រែងក្នុងការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជននៅខេត្តកំពង់ធំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានសាងសង់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគំរូបប្លង់ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានកំណត់ ដែលសំណង់នេះរៀបចំសាងសង់ឡើងស្របតាមសេចក្តីត្រូវការនៃការវិវឌ្ឋន៍ថ្មីក្នុងការបម្រើនិរន្តរភាពជូនបងប្អូនអតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ ។
ឯកឧត្តម នួន ផារ័ត្ន បានណែនាំបន្ថែមដល់ក្រុមជាងសំណង់ ត្រូវធ្វើការសាងសង់ប្រកបដោយគុណភាព និងមានសោភ័ណភាពល្អ ឲ្យឆាប់បានរួចរាល់ ដើម្បីបម្រើឲ្យសេចក្តីត្រូវការ ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបច្ចុប្បន្នកំពុងបំពេញភារកិច្ចយ៉ាងមមាញឹក ក្នុងការបម្រើបងប្អូនអតីតយុទ្ធជន នៅទូទាំងខេត្តកំពង់ធំ ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ។ ជាមួយនោះដែរឯកឧត្តម នួន ផារ័ត្ន ក៏បានណែនាំដល់ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ត្រូវប្រុងប្រៀបរៀបចំកែលម្អសោភ័ណភាពទីតាំង ដោយត្រូវដាំដើមឈឺ លំអរ និងទុកជាម្លប់សម្រាប់ជ្រក ហើយត្រូវគិតគូរអំពីការរៀបចំធ្វើរបង ព័ទ្ធជុំវិញទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅពេលខាងមុខផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ