ខេត្តកំពង់ធំប្រារព ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា ក្រោមប្រធានបទ “ ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក
(កំពង់ធំ)៖នៅព្រឹកថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០២៥ នៅខេត្តកំពង់ធំមានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា ក្រោមប្រធានបទ “ ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក ក្រោមអធិបតីភាពលោកជា វ៉ាន់ចាន់អភិបាលរងខេត្តតំណាងអោយ ឯកឧត្តមនួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។ ក្នុងពិធីក្នុងឱកាសនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីជាប្រធាន. អនុប្រធានមន្ទីរនានាជុំវិញខេត្ត មន្ត្រីបរិស្ថានលោកគ្រូអ្នកគ្រូប្រជាពលរដ្ឋសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ការប្រារព្ធពិធីនេះក្នុងគោលបំណងផ្សព្វផ្សាយជាផ្លូវការនូវចលនាទូលំទូលាយរួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ ស្ម័គ្រចិត្តស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពី ការគ្រប់គ្រងថង់ប្លាស្ទិក។ ក្នុងនោះក៏បានបញ្ជាក់ផងដែរ នៅការជំរុញ និងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ជាអចិន្ត្រៃយ៍នូវការផ្តល់ថង់ប្លាស្ទិកដោយមិនគិតថ្លៃដល់ អតិថិជន ។
លោកអោង ប៊ុនធឿនប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានអានរបាយការណ៍លើកឡើងថា មន្ទីរទទួលផែនការបណ្តុះកូនឈើ១០ម៉ឺនដើម ក្នុងមួយឆ្នាំ ឆ្នាំនេះមន្ទីរបណ្តុះបាន ចំនួន១០១.០០០ដើម ដែលមានកូនឈើព្រៃ ឈើហូបផ្លែ ឈើលម្អ និងត្នោត។ ចាប់ពី ឆ្នាំ២០២៣ មក ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ ចំនួន៣ហើយ ទី១.យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ថ្ងៃនេះ ខ្ញុំមិនប្រើថង់ ប្លាស្ទិកទេ” ទី២. កម្ពុជាស្អាត ខ្មែរធ្វើបាន និងទី៣. ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក»។ ការងារនេះឃើញថា បានរួមគ្នាគ្រប់កន្លែង គ្រប់ទីតាំង គ្រប់ឃុំ គ្រប់ស្រុក និងក្រុង ធ្វើបាន លទ្ធផលគួរជាទីមោទនៈ។
លោកជា វ៉ាន់ចាន់ មានប្រសាសន៍ថា ទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ០៥ មិថុនា ក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយសំណល់ប្លាស្ទិក» ត្រូវបាន ចាត់ទុកថា ជា “ជនបង្គោល” និង “យុវសិស្សបង្គោល” ដែលនឹងត្រូវដើរតួនាទីសំខាន់ក្នុងការជួយផ្សព្វផ្សាយបន្ត ទៅក្រុមគ្រួសារ មិត្តភក្តិ និងអ្នករស់នៅភូមិផងរបងជាមួយគ្នា និងដឹកនាំការអនុវត្តផ្ទាល់នូវសកម្មភាពទុកដាក់ សំណល់ប្លាស្ទិកឱ្យបានសមស្រប តាមលក្ខណៈបច្ចេកទេស ការប្រើប្រាស់ឡើងវិញនូវសម្ភារៈដែលធ្វើពីប្លាស្ទិក និងការប្រើប្រាស់វត្ថុដែលមិនមែនផលិតពីប្លាស្ទិកជំនួស ដូចជា ថង់ក្រណាត់ កន្ត្រករពាក់/ឫស្សី ដបទឹកសុទ្ធធ្វើពី អ៊ីណុក ។ល។ ដើម្បីសម្រេចភាពស្អាត ភាពគ្មានសំរាម នៅក្នុងខេត្តកំពង់ធំ ក៏ដូចជានៅទូ ទាំងប្រទេសកម្ពុជា កត្តាជោគជ័យក្នុងការងារនេះគឺគ្មានអ្វីក្រៅពីកិច្ចសហការ ការខិតខំប្រឹងប្រែង និងការចូល រួមចំណែកពីយើងទាំងអស់គ្នា រួមមាន ស្ថាប័ន និងអង្គភាពរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល សិស្សានុសិស្ស សហគមន៍ និងព្រះសង្ឃ ដោយមិនត្រូវមើលបំណាំគ្នា ហើយធ្វើការសម្អាតតាមទីតាំងរៀងៗខ្លួន។
លោកជា វ៉ាន់ចាន់បញ្ជាក់ផងដែរថាបញ្ជាក់ថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនាពេលនេះ គឺបានឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នាក្នុង កិច្ចគាំពារបរិស្ថាន បង្ហាញពីការយកចិត្តទុកដាក់របស់ប្រជាជនកម្ពុជា រួមជាមួយប្រជាជាតិលើសកលលោក ដើម្បីបុព្វហេតុរួមចំណែកការពារ និងថែរក្សាគុណភាពបរិស្ថានភពផែនដី ឱ្យឈានឆ្ពោះទៅកាន់ការរស់នៅ ប្រកបដោយចីរភាព សម្រាប់មនុស្សជាតិបច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត ព្រមទាំងថែរក្សាការពារបាននូវ ធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី ជាពិសេសតំបន់បឹងទន្លេសាប និងតំបន់ការពារធម្មជាតិផ្សេងទៀត។(អត្ថបទអ៊ុមញឹប.រូបភាពបុណ្យឬទ្ធិ)។