ឧត្តមសេនីយ៍ទោ សោមស៊ុន ដឹកនាំកិច្ចប្រជុំពង្រឹងវិធានការការពារទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ ដោះស្រាយបញ្ហាប្រឈមនានា និងអប់រំ ផ្សព្វផ្សាយវិធានការច្បាប់ជូនប្រជាពលរដ្ឋចំនួន បីឃុំ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងទាំងបី មន្ទីរ អង្គភាព ស្ថាប័នមានការពាក់ព័ន្ធ ប្រធានសហគមន៍ព្រៃឈើ និងអាជ្ញាធរដែនដីស្រុក ឃុំ ភូមិ ស្ថិតនៅក្នុងឃុំដងកាំបិត ឃុំមានរិទ្ធ និងឃុំសុចិត្រ ស្រុកសណ្ដាន់ ដែលពិធីនេះនៅសាលាឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងធ្វើរបាយការណ៍សង្ខេប អំពីលទ្ធផលសកម្មភាពការងារ ដែលកងកម្លាំងចម្រុះនៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ សម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ដោយគិតពីថ្ងៃទី ១ ខែឧសភាឆ្នាំ ២០២៤ដល់ថ្ងៃទី ១ ខែឧសភាឆ្នាំ ២០២៥ កន្លងទៅនេះ ដែលខេត្តកំពង់ធំបានប្រើប្រាស់កម្លាំងចម្រុះចំនួន ៣៣០ នាក់ ដោយមានកងទ័ពជាស្នូល រៀបចំបង្កើតទីបញ្ជាការស្រាល ចំនួន ១៤គោលដៅ នៅទូទាំងភូមិសាស្ត្រខេត្ត ដើម្បីការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំងតំបន់ព្រៃឈើ និងតំបន់៣ស្ថិតក្នុងតំបន់ វាលក្រោម ដោយទទួលបានជោគជ័យគួរជាទីមោទនៈ ។ ក្នុងនោះទប់ស្កាត់បានទាំងស្រុងមិនឱ្យមានការកើតឡើងជាថ្មីនៅបទល្មើសរំលោភទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ ៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំបានឡើយ។ ដោយឡែកនៅតំបន់ព្រៃឈើក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងមួយផ្នែករបស់ស្រុកសន្ទុក យើងបានរកឃើញ និងដកហូតយកដី ចំនួន ជាង ៣,៥០០ហិកតា ដែលជនល្មើសលួចកាប់ទន្ទ្រានកន្លងទៅ ហើយបានគ្រប់គ្រងជាសម្បត្តិរដ្ឋ មិនឲ្យមានការបាត់បង់ទៅវិញ និងបានដាំស្តារព្រៃឈើឡើងវិញបានចំនួនជាង ៥ ម៉ឺនដើមផងដែរ ។
តំណាងប្រជាពលរដ្ឋ អាជ្ញាធរឃុំ ភូមិ បានលើកឡើងនៅបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធក្នុងការបង្ក្រាបរបស់កងកម្លាំងចម្រុះ ដែលអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋាននានាដែលនៅជាធរមានរបស់ស្ថាប័នជំនាញពាក់ព័ន្ធ ដែលគ្រប់គ្រងធនធានធម្មជាតិដូចជាកសិកម្ម និងបរិស្ថាន ហើយសំណូមពរឲ្យមានការដោះស្រាយ ។
លោកកៅ វុត្ថា នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត និងលោកលី ស្រេង នាយដែនជម្រកសត្វព្រៃ ព្រៃឡង់ បានធ្វើការពន្យល់ បកស្រាយ យ៉ាងក្បោះក្បាយអំពីវិធានការច្បាប់ និងការយោគយល់ចំពោះការប្រព្រឹត្តខុសឆ្គងរបស់ប្រជាពលរដ្ឋនាពេលកន្លងទៅ នឹងបានសំណូមពរដល់អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋមេត្តាយោគយល់ ដែលការអនុវត្តនេះគឺដើម្បីការពារធនធានធម្មជាតិរបស់យើងទាំងអស់គ្នាតែប៉ុណ្ណោះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ដែលបានខិតខំបំពេញភារកិច្ចតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីការពារធនធានធម្មជាតិ ដែលជាប្រយោជន៍របស់សង្គមជាតិយើងទាំងអស់គ្នា។ ជាមួយនោះដែរក៏បានសំណូមពរសុំឲ្យមានការយោគយល់ពីប្រជាពលរដ្ឋគ្រប់រូប ដែលមានការពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ដោយបានកាប់ទន្ទ្រានយកដីរបស់រដ្ឋនាពេលកន្លងទៅ មិនអនុញ្ញាតឲ្យមានកើតឡើងជាថ្មីបានជាដាច់ខាត នឹងបានប្រគល់ភារកិច្ចជូនដល់កងកម្លាំងចម្រុះស្ថាប័នជំនាញដែលមានការពាក់ព័ន្ធ ត្រូវតែអនុវត្តឱ្យបានមុឺងម៉ាត់និងស្មើភាពគ្នា ។ ចំពោះជនដែលបានប្រព្រឹត្តបទល្មើសព្រៃឈើខុសច្បាប់ ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែងឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។