អភិបាលខេត្តកំពង់ធំ ផ្តល់គោលការណ៍ណែនាំ៤ចំណុច ដល់មន្ត្រីអនុវត្តជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលផ្តល់អត្តសញ្ញាណបណ្ណដល់ពលរដ្ឋ និងប្រគេនដល់ព្រះសង្ឃ
(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ផ្តល់គោលការណ៍ណែនាំចំនួន ៤ចំណុច ដល់មន្ត្រីអនុវត្ត ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ដែលផ្តល់អត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋ និងប្រគេនជូនព្រះសង្ឃ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ និងប្រកាសលេខ៤២២១ ប្រក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ នៅក្នុងវត្តឥន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ) នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះក៏មានការនិមន្ត និងអញ្ចើញចូលរួម ពីព្រះសង្ឃចំនួន ២០៧អង្គ ក្នុងក្រុងស្ទឹងសែន អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាព ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង/ស្រុក អធិការក្រុង/ស្រុក និងមន្រ្តីរាជការជុំវិញខេត្តផងដែរ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានគូសរំលេចថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនបុគ្គលដែលមានសញ្ជាតិខ្មែរគ្រប់រូបចាប់ពីអាយុ១៥ឆ្នាំឡើងទៅ រួមមានព្រះសង្ឃផង។ ហើយកាលពីមុនមិនអនុញ្ញាតអោយធ្វើនោះទេ និងសូមឱ្យមន្ត្រីធ្វើយ៉ាងណាអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីជំនាញ និងជួយសម្របសម្រួលការងារធ្វើអត្តសញ្ញាណបណ្ណនេះឱ្យមានប្រសិទ្ធភាព ។
ឯកឧត្តមអភិបាលខេត្ត ក៏បាននូវផ្តល់គោលការណ៍ណែនាំ ដល់មន្ត្រីអនុវត្តជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលផ្តល់អត្តសញ្ញាណបណ្ណដល់ប្រជាពលរដ្ឋ និងប្រគេនដល់ព្រះសង្ឃ រួមមាន៖ ១. ការបំពេញនូវឯកសារស្នើសុំអត្តសញ្ញាណ ត្រូវធ្វើការប្រមូលឯកឱ្យបានគ្រប់គ្រាន់ និងបំពេញសលាកបត្រឱ្យបានត្រឹមត្រូវ។ ២. ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរត្រូវតែផ្ទៀងផ្ទាត់ថា តើបុគ្គលនោះជាជនជាតិខ្មែរ ឬក៏បរទេស។ ៣. ការផ្តល់អត្តសញ្ញាណប័ណ្ណដែលហួសុពលភាព ត្រូវតែពិនិត្យ និងផ្ទៀតផ្ទាត់ឱ្យបានច្បាស់លាស់ទៅនឹងឯកសារដើម។ ៤. ចៀសវាងការផ្តល់ឯកសារមិនប្រក្រតី យើងត្រូវតែប្រមូលនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សំបុត្រកំណើត និងឯកសារគតិយុទ្ធផ្សេងៗ ដែលមានតម្លៃស្មើយកមកធ្វើការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវទើបធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនពួកគាត់។
ឯកឧត្តម ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅដែលត្រូវធ្វើសញ្ញាណបណ្ណទាំងអស់ ទាំងអ្នកធ្វើអត្តសញ្ញាណបណ្ណលើកដំបូង និងអ្នកធ្វើអត្តសញ្ញាណបណ្ណហួសសុពលភាព។ សូមអញ្ចើញ និងនិមន្ត ទៅធ្វើនៅទីកន្លែងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ អធិការក្រុង/ស្រុក និងស្នងការនគបាលខេត្ត ហើយការធ្វើអត្តសញ្ញាណបណ្ណទាំងនេះគឺមិនគិតតម្លៃសេវានោះទេ ។
អត្ថបទ លោកសូរហ៊ាន សំអាង.ពិនិត្យដោយសេក សាវេត