អភិបាលស្រុកស្ទោងបាន លើកឡើងថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធគឺជា ការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើសុខទុក្ខសុខុមាលភាពប្រជាពលរដ្ឋគ្រប់មូលដ្ឋាន
(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោក អ៉ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ធំ ព្រមទាំងលោកហ៊ី សាយ ប្រធានមន្ទីររៀបដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តសៀមរាប និងសហការី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ០៣ ខែមិថុនាឆ្នាំ ២០២៥។
ទន្ទឹមនឹងនេះ លោកបានលើកទឹកចិត្តដល់អាជ្ញាធរឃុំរុងរឿងត្រូវធ្វើការផ្សព្វផ្សាយ និងណែនាំឱ្យបានទូលំទូលាយស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណ: ជាប្រព័ន្ធនេះជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសអ្នកដែលបានចំណាកស្រុក ដើម្បីលៃលកលទ្ធភាពឬឱកាសជាក់ស្តែង ក៏ដូចជាការត្រៀមលក្ខណៈ និងឯកសារពាក់ព័ន្ធនានា ដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្របញ្ជាក់កំណើត ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ជាដើម ឬឯកសារចាំបាច់ណាមួយដែលក្រុមបច្ចេកទេសចុះបញ្ជីត្រូវការ ក្នុងការចុះបញ្ជីឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ដើម្បីក្រុមការងារបានធ្វើការនេះបានទៅតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលនឹងបញ្ចប់នៅដំណាច់ឆ្នាំ ២០២៥នេះ។
លោកបានលើកទឹកចិត្តថែមទៀតដល់អាជ្ញាធរភូមិ/ឃុំ ក៏ដូចជាអ្នកពាក់ព័ន្ធផ្សេងៗនិងប្រជាពលរដ្ឋដែលមានព្រំដីជាប់គ្នាត្រូវធ្វើការកំណត់ឯកភាពគ្នានូវព្រំរួម និងម្ចាស់ដីពាក់ព័ន្ធឱ្យបានរួចរាល់ជាស្រេច ដើម្បីឱ្យក្រុមការងារចុះបញ្ជីបានធ្វើកិច្ចការនេះទៅបានដោយរលូន និងមិនមានការ បណ្ដឹង ឬទំនាស់ក្នុងពេលចុះអនុវត្ត ឬក្នុងពេលបិទផ្សាយជាដើម។
លោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរឃុំរុងរឿងនិងជំនាញពាក់ព័ន្ធផ្សេងៗត្រូវបង្កលក្ខណៈងាយស្រួល និងសហការខ្ពស់ ជាពិសេសរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ជូនក្រុមការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនេះ ដែលពួកគាត់នឹងចុះអនុវត្តក្នុងពេលឆាប់ៗនេះ ដើម្បីមានសុវត្ថិភាពនិងប្រព្រឹត្តទៅដោយរលូនតាមផែនការ។
សូមបញ្ជាក់ថា ឃុំរុងរឿងមានផ្ទៃដីសរុប១,៣២៧ហិកតា ដែលក្នុងនោះមានដីលំនៅឋានចំនួន១៩៥,១៨ហិកតា និងផ្ទៃដីស្រែសរុបចំនួន១,១៦៨ហិកតាហើយមានភូមិសរុបចំនួន៩ភូមិ និងមានប្រជាពលរដ្ឋសរុប៦,៨៥៤នាក់ ហើយចែកចេញជា១,៤៨០គ្រួសារផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។