ឯកឧត្តម ដៀប ពីរី និងឯកឧត្តម នួន ផារ័ត្ន អញ្ជើញក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅវត្តឌួងសូរិយា (ហៅវត្តក្តីដូង)
(កំពង់ធំ)÷ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាអធិបតី ក្នុងទិវាជាតិ នៃការចងចាំ២០ ឧសភា នៅវត្តឌួងសូរិយា(ហៅវត្តក្តីដូង) ស្ថិតនៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ ការប្រារព្ធទិវាជាតិនាឱកាសនោះ មានការនិមន្ត និងការចូលរួមពីសំណាក់ព្រះចៅអធិការវត្តឌួងសូរិយា ប្រធានមន្ទីរជុំវិញខេត្តកំពង់ធំ លោកអភិបាលស្រុកកំពង់ស្វាយលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង១.០០០នាក់។
ថ្លែងនៅក្នុងកម្មវិធីនោះ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍ថា ទិវាជាតិ នៃការចងចាំ ២០ ឧសភា ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីរំលឹកអំពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់ប្រទេសកម្ពុជា ដែលបានឆ្លងកាត់របបកម្ពុជាប្រជាធិបតេយ្យ អស់រយៈកាល ០៣ឆ្នាំ ០៨ខែ ២០ថ្ងៃ ប្រជាជនកម្ពុជាមួយចំនួនត្រូវជម្លៀសចេញពីទីក្រុង កាប់សម្លាប់យ៉ាងអយុត្តិធម៌ ព្រមទាំងបានលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់នូវការចាយវាយផ្សេងៗ មិនមានដំណើរការសាលារៀន មន្ទីរពេទ្យ និងវត្តអារាម។
ឯកឧត្តមអភិបាលខេត្តកំពង់ធំ ក៏បានបន្តទៀតថា ដោយសារការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងតស៊ូ យកជីវិតធ្វើដើមទុន រំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយ៉ង់ឃ្នង បង្រួបបង្រួមជាតិ សង្គ្រោះជាតិ សាសនា និងការអប់រំឱ្យរស់ឡើងវិញ ដោយកសាងបាននូវសន្តិភាព សេចក្តីសុខ សុភមង្គលជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ដោយសារប្រទេសជាតិរួចពីសង្គ្រាមទើបមាននយោបាយឈ្នះ ឈ្នះ ដើម្បីឱ្យប្រទេសជាតិមានសុខសន្តិភាពយូរអង្វែង សូមបងប្អូនប្រជាពលរដ្ឋការពារសន្តិភាពឱ្យបានគ្រប់គ្រាន់ ពិសេសកុំបំផ្លាញសុភមង្គលក្រុមគ្រួសាររបស់ខ្លួន ណែនាំដល់កូនចៅឱ្យដឹងពីទុក្ខលំបាកកើតចេញពីសង្គ្រាម។
ឯកឧត្តមបានលើកទឹកចិត្តដល់អ្នកចូលរួមទិវាជាតិនៃការចងចាំ ឱ្យចូលរួមថែរក្សា និងការពារសុខសន្តិភាពឱ្យបានគង់វង្ស ការពារមិនឱ្យសង្គ្រាមកើតមានឡើងវិញ ទោះក្នុងតម្លៃណាក៏ដោយ។ កាលណាប្រទេសជាតិមានសុខសន្តិភាព នោះប្រទេសជាតិនឹងមានការអភិវឌ្ឍជាបន្តបន្ទាប់ ព្រមទាំងបង្កើតបានជាមូលដ្ឋានគ្រឹះ នៃសុខដុមរមនា សម្រាប់ប្រទេសជាតិយើងទាំងមូល។ គួររំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជារៀបចំទិវាជាតិនៃការចងចាំនេះ ជារៀងរាល់ឆ្នាំ ដើម្បីអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ បានចងចាំ និងយល់ដឹងច្បាស់អំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងអនុញ្ញាតឱ្យក្មេងជំនាន់ក្រោយបានស្គាល់ពីប្រវត្តិសាស្រ្តដ៏លំបាក ដែលប្រទេសជាតិធ្លាប់ឆ្លងកាត់។ អត្ថបទលោក ធូ កែវមុន្នី. ពិនិត្យដោយអ៊ុមញឹប។