ប្រជាពលរដ្ឋ និងអាជ្ញាធរសប្បាយរីករាយទទួលបានស្ពានថ្មីឆ្លងកាត់ស្ទឹងសែន នៅឃុំឈូក ស្រុកប្រាសាទសំបូរ ដែលជាអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត (Video inside)
(កំពង់ធំ)៖ប្រជាពលរដ្ឋ និងអាជ្ញាធរសប្បាយរីករាយទទួលបានស្ពានថ្មីប្រវែង១៤៤ម៉ែត្រ ឆ្លងកាត់ស្ទឹងសែន នៅឃុំឈូក ស្រុកប្រាសាទសំបូរ ដែលជាអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ។
លោក ឃីម សុឃាង អភិបាលស្រុកប្រាសាទសំបូរ បានបញ្ជាក់ប្រាប់ក្រុមការងារអ្នកយកព័ត៌មាននៅថ្ងៃទី១៧ ខែ
មីនា ឆ្នាំ២០២៥នេះថាចក្ខុវិស័យកម្ពុជារបស់រាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតនិងភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់ កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមាន បាវចនា ៥ គឺ កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។
លោកបន្តថាប្រយោជន៍នៃស្ពាននេះបានបម្រើផ្នែកសេដ្ឋកិច្ច និងសង្គម មានសក្ដានុពលសម្រាប់ការទំនាក់ទំនង ទទួលសេវាសង្គម និងសេវាសាធារណៈជូនប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋសប្បាយចិត្តរីករាយយ៉ាងខ្លាំងដោយឃើញពីទឹកចិត្តថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ សូមឲ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានសុខភាពល្អបន្តដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត ។
គួរបញ្ជាក់ថា ស្ពានបេតុងមានប្រវែង ១៤៤ម៉ែត្រទទឹង ៨ម៉ែត្រកម្ពស់ ១៥ម៉ែត្រ និងសាងសង់ផ្លូវបេតុង ៣០០ម៉ែត្រ ដោយភ្ជាប់ពីចំណុចភូមិឈូកស្ទឹង ឃុំឈូក ទៅភូមិបឹងខ្វែក ឃុំស្រើង ស្រុកប្រាសាទសំបូរ ស្ថាបនាដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប(ក្រុមក)ស្ថាបនារយៈ១២ខែ ដោយចាប់គិតពីថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២៤ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៥ នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តកំពង់ធំដែលជាស្ពានទី៩ឆ្លងកាត់ស្ទឹងសែន តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។