ផ្ទះចំនួន៥ខ្នង និងផ្ទៃដីសម្បទានសង្គមកិច្ចទំហំ មួយហិកតាកន្លះ ក្នុងមួយគ្រួសារ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជន ចំនួន ៥ គ្រួសារ ដែលគ្មានដី និងគ្មានផ្ទះរស់នៅពិតប្រាកដនៅខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី និងយោធិននារី នៃក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅប្រគល់ផ្ទះចំនួន៥ខ្នង និងដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារមួយហិកតាកន្លះ ជូនក្រុមគ្រួសារតីតយុទ្ធជន ដែលគ្មានដី និងគ្មានផ្ទះពិតប្រាកដ ចំនួន៥គ្រួសារនៅក្នុងខេត្តកំពង់ធំ។ ដែលពិធីនេះប្រព្រឹត្តទៅនៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ កែ ម៉ៃ ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងអានសេចក្តីសម្រេចរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីមអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការសម្រេចឲ្យមានការផ្លាស់ប្ដូរសមាសភាពអតីតយុទ្ធជន ដែលបោះបង់ចោលដីនិងលំនៅដ្ឋាន និងអតីតយុទ្ធជនចំនួន ៥ គ្រួសារថ្មីដែលត្រូវទទួលបានផ្ទះ និងដីសម្បទាសង្គមកិច្ច ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីរស់នៅជាកម្មសិទ្ធិតទៅ ដោយត្រូវអនុវត្តស្របទៅតាមអនុក្រឹត្យស្ដីពីសម្បទានដីសង្គមកិច្ច ផ្តល់ជូនអតីតយុទ្ធជន ។
លោកពលបាលឯក ធី ធឿន អាយុ ៥៨ឆ្នាំ តំណាងឱ្យក្រុមគ្រួសារអតីតយុទ្ធជនទាំង៥គ្រួសារ បានឡើងធ្វើការប្តេជ្ញាចិត្តក្នុងការរស់នៅថែរក្សាផ្ទះសម្បែង ដែលបានផ្ដល់ជូន ដើម្បីបង្កបង្កើនផលដោះស្រាយជីវភាពរស់នៅក្នុងគ្រួសារនីមួៗឲ្យបានល្អប្រសើរ ដោយមិនបោះបង់ចោលឡើយ នឹងបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភផ្ទះ និងដី ជូនពួកគាត់នៅពេលនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ដោះស្រាយផ្ទះ និងដីសម្បទាសង្គមកិច្ច ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ។ ជាមួយនេះដែរ ក៏បានសូមគោរពថ្លែងអំណរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែជួយដោះស្រាយស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ ពិសេសបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំង៥ គ្រួសារ ត្រូវរស់នៅថែទាំផ្ទះសម្បែង និងដីធ្លី ដែលជាកម្មសិទ្ធិរបស់បងប្អូន ដោយត្រូវយកចិត្តទុកដាក់ក្នុងការបង្ករបង្កើនផលចិញ្ចឹមសត្វកសាងជីវភាពថ្មីនៅលើដីសម្បទានសង្គមកិច្ច ដែលបានប្រគល់ជូននេះ ឲ្យមានជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ហើយនៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ជូននូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំង ៥គ្រួសារ ដែលទើបមករស់នៅក្នុងផ្ទះថ្មី លើដីសម្បទានសង្គមកិច្ច នៅពេលនេះផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។