ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រួតពិនិត្យភូមិសាស្ត្រតំបន់៣ និងប្រគល់ភារកិច្ចជូនទីបញ្ជាការស្រាលការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅឃុំកំពង់គោ
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការីត្រួតពិនិត្យភូមិសាស្ត្រតំបន់៣ ដែលកំពុងគ្រប់គ្រងដោយទីបញ្ជាការស្រាល ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់បត់ត្រង់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោក ថន ពុទ្ធា អភិបាលរងស្រុក ប្រធានគណៈបញ្ជាការស្រាលការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់បត់ត្រង់ និងតំបន់ខ្វាក់តូច ខ្វាក់ធំ ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ បានរាយការណ៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងចម្រុះ ក្នុងការធ្វើសកម្មភាពការពារទប់ស្កាត់ មិនឱ្យមានការកាប់ទន្ទ្រានដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិបានឡើយ។ កន្លងមកកងកម្លាំងចម្រុះនៅទីបញ្ជាការស្រាល បានធ្វើការផ្សព្វផ្សាយបទបញ្ជា និងសេចក្តីណែនាំនានារបស់សម្ដេចប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ស្ដីអំពីវិធានការគ្រប់គ្រង ការពារដីតំបន់៣ មិនឱ្យមានការកាប់ទន្ទ្រានបានជាដាច់ខាត ។ ហើយកន្លងមកនេះកងកម្លាំងចម្រុះនៅទីបញ្ជាការស្រាល ក៏បានចាប់ឃាត់ខ្លួនជនល្មើស រួមជាមួយវត្ថុតាងមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោស តាមផ្លូវច្បាប់ជាបន្តបន្ទាប់។ ជាមួយនេះផងដែរលោក ថន ពុទ្ធា ក៏បានប្តេជ្ញាចិត្តដាច់ខាតក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ តាមផែនការ ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានប្រគល់ជូន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះទាំងអស់ រួមជាមួយនឹងអាជ្ញាធរដែនដី ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការការពារទប់ស្កាត់មិនឲ្យមានការកើតឡើងជាថ្មី នូវការកាប់ទន្ទ្រានដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិ ជាមួយនោះក៏បានចាប់ឃាត់ខ្លួនជនល្មើសរួមជាមួយវត្ថុតាង បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។ បច្ចុប្បន្នផ្ទៃដីដែលយើងដកហូតបាន យើងកំពុងធ្វើការគ្រប់គ្រង យ៉ាងម៉ត់ចត់ ហើយព្រៃរនាម រុក្ខជាតិធម្មជាតិក៏បានកើតឡើង និងដុះរស់ឡើងវិញជាបន្តបន្ទាប់ ដើម្បីទុកសម្រាប់ត្រីពងកូនក្នុងរដូវវស្សានៅពេលខាងមុខ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចដល់កងកម្លាំងចម្រុះទាំងអស់ រួមជាមួយអាជ្ញាធរដែនដីស្រុកឃុំភូមិ ត្រូវបន្តសកម្មភាពឲ្យបានជាប់ជាប្រចាំ ល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រដែលបានហាមឃាត់ មិនឱ្យមានការកើតឡើងជាតិថ្មីនូវការកាប់ទន្ទ្រានដីព្រៃលិចទឹក ឬធ្វើស្រែនៅលើដីដែលបានដកហូតរួចហើយ បានជាដាច់ខាត ។ នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ ក៏បាននាំយកនូវជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី និងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ប្រគល់ជូនកងកម្លាំងចម្រុះរួមមានប្រេងសាំងចំនួន ២០០លីត្រ អង្ករចំនួន ១០០គីឡូក្រាម មីជាតិចំនួន៥ កេស ត្រីខកំប៉ុងចំនួន ៥យួរ និងទឹកត្រីទឹកស៊ីអ៊ីវចំនួន៥យួរ សម្រាប់កងកម្លាំងចម្រុះ ដោះស្រាយជីវភាពប្រចាំថ្ងៃ និងបន្តល្បាតធ្វើសកម្មភាពឲ្យដូចភ្លឿងរលឹមដោយគ្មានការដកថយឡេីយ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។