លោកជំទាវបណ្ឌិត សឿ សុជាតា អញ្ញើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយនិងពង្រឹងការអនុវត្តផែនការសកម្មភាពជាតិស្តីពី សុខភាពសិក្សា ក្នុងខេត្តកំពង់ធំ
(កំពង់ធំ)៖ មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងពង្រឹងការអនុវត្តផែនការសកម្មភាពជាតិស្ដីពីសុខភាពសិក្សា ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម ជា វាន់ចាន់ អភិបាលរងខេត្តកំពង់ធំ មន្ទីរពាក់ពន្ធ័ជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ប្រមាណជាង ១០០នាក់ផងដែរ នាព្រឹកថ្ងៃ១១ ខែមីនា ឆ្នាំ ២០២៤ នៅសាលប្រជុំមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំ។
ឯកឧត្តម ជា វាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងអប់រំ យុវជន ដែលតែងតែគិតគូរសុខភាពសិក្សាដើម្បីពង្រឹង គុណ ភាពអប់រំដើម្បីកូនចៅជាទំពាំងយើងលូតលាស់បានល្អ។
លោកជំទាវបណ្ឌិត សឿ សុជាតា បានមានប្រសាសន៍ថា កម្ពុជាចាំបាច់ត្រូវមានធនធានមនុស្សដែលមានសម្បទាទាំង៥រឹងមាំ គឺចំណេះសម្បទា បំណិនសម្បទា កាយសម្បទា ចរិយាសម្បទា និងស្មារតីស្នេហាជាតិសម្បទា ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រែក្លាយប្រទេសទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ហើយសម្បទាទាំង៥នេះ អាចសម្រេចបាននោះគឺចាំបាច់ទាមទារការចូល រួមដោយស្មារតីទទួលខុសត្រូវរបស់យើងទាំងអស់គ្នាជាក្រុមការងារនិងមហាជនកម្ពុជាគ្រប់រូប។
លោកជំទាវ បានពាំនាំប្រសាសន៍ដឹកនាំ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សាគឺ ដើម្បីមនុស្សទាំងអស់អាចមានលទ្ធភាពក្លាយជាពលរដ្ឋសកម្មរបស់ជាតិជាពលរដ្ឋសកលបាន មនុស្សចាំបាច់ត្រូវមានសុខភាពល្អ គ្រប់ថ្នាក់ដឹកនាំនិងមន្រ្តីប្រតិបត្តិគ្រប់ផ្នែកទាំងអស់យកចិត្តទុកដាក់អនុវត្តតាមផែនការប្រតិបត្តិ១០ឆ្នាំរបស់យើង ។
ក្នុងនោះដែរ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់សុខភាព សិក្សា ដោយបានរៀបចំជាសំណុំយុទ្ធសាស្ត្រនិងសកម្មភាពអន្តរកម្មរវាងគ្រឹះស្ថានសិក្សានិងសេវាកម្ម សុខភាពនានា ដើម្បីលើកកម្ពស់សុខភាព តាមរយៈការអប់រំសុខភាព ការបង្ការជំងឺ ការផ្តល់សេវា សុខភាព ចាំបាច់ ការលើកកម្ពស់អនាម័យ បរិស្ថាន និងការផ្គត់ផ្គង់ទឹកស្អាតដល់បុគ្គលិកអប់រំនិងអ្នកសិក្សាជា ដំណាក់កាលៗផងដែរ៕
អត្ថបទ-រូបភាពដោយ ចន្ថា បុណ្យឫទ្ធិ.ពិនិត្យដោយអ៊ុមញឹប.