លោកឧត្តមសេនីយ៍ទោ ហេង សុផល ផ្សព្វផ្សាយសភាពការណ៍ ថ្មីៗ នៃការប្រព្រឹត្តទៅ នៃប្រទេសជាតិ ដល់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
(កំពង់ធំ)៖ព្រឹកថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកងកម្លាំងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្ត ។
បន្ទាប់ពីពិធីគោរពទង់ជាតិ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត មានប្រសាសន៍ សំណេះសំណាលផ្សព្វផ្សាយ ដាក់គោលការណ៍ ថ្មីៗ ដល់កងកម្លាំង និងពង្រឹងការងារមួយចំនួន ដល់ផែនការងារ និងការិយាល័យជំនាញ អនុវត្តឱ្យសម្រេចបានជោគជ័យបន្ថែមទៀត តាមការរំពឹងទុករបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ក្នុងនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ថ្លែងសង្កត់ធ្ងន់ លើការងារមួយចំនួន រួមមាន÷
១-ពង្រឹងការងារគ្រប់គ្រងដឹកនាំបញ្ជា ។
២-បន្តពង្រឹងការប្រមូលផ្តុំកងកម្លាំងក្រោមឱវាទ ការអនុវត្តតួនាទី ភារកិច្ចជាប្រចាំថ្ងៃ ការងារគោរពទង់ជាតិ វេនប្រចាំបញ្ជា ត្រៀមលក្ខណៈរួចជាស្រេច រង់ចាំទទួលបទបញ្ជា របស់ថ្នាក់ដឹកនាំប្រគល់ជូន អនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេសកងអនុសេនាតូចទាំង ០២ កង ដើម្បីគាំទ្រ ដល់សមរភូមិមុខ ។
៣-បន្តហ្វឹកហាត់ លំហាត់របៀប វិន័យកងជួរ សណ្ដាប់ធ្នាប់ ប្រឆាំងបាតុកម្ម ។
៤-បន្តរក្សាការងារសាមគ្គីភាព ឯកភាពផ្ទៃក្នុង កិច្ចសហការល្អ គឺអនុវត្តតាម តួនាទី ភារកិច្ច យោងតាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅ របស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ។
៥-បន្តចូលរួមការងារសប្បុរសធម៌ ផ្ដល់ភាពកក់ក្ដៅ លើកទឹកចិត្ត ចែករំលែក ជួយយកអាសាគ្នា ទៅវិញទៅមក នាគ្រាជួបទុក្ខលំបាក ។
ជាថ្មីម្ដងទៀត លោកឧត្តមសេនីយ៍ ស្នងការ បានគាំទ្រ និងលើកទឹកចិត្តចំពោះសមិទ្ធផល ស្នាដៃ និងអំពើល្អនានា របស់បងប្អូនកងកម្លាំងយើងសម្រេចបាន នាពេលកន្លងមក ព្រមទាំងណែនាំ ដល់បងប្អូន ត្រូវបន្តថែរក្សានូវអ្វីៗ ដែលមាននាពេលកន្លងមក ដើម្បីចូលរួមជ្រោមជ្រែងអភិវឌ្ឍជំនាញ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សំដៅធានា រក្សាសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។