លោកំទាវ ឃួន ឃុនឌី និងឯកឧត្តម សួស យ៉ារ៉ា ជួបជាមួយកីឡាករទូកក្នុងស្រុកកំពង់ស្វាយត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍អ៊ុំទូក «ង» ថ្នាក់ខេត្តថ្ងៃទី១៦-១៧ខែតុលានេះ
(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្ដាលនិងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និង ឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលនិងចែកអំណោយជូនក្រុមកីឡាករទូកក្នុងស្រុកកំពង់ស្វាយនៅសាលាស្រុកស្រុកកំពង់ស្វាយ ភូមិព្រៃព្រាល ឃុំត្រពាំងប្ញស្សី ត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អ៊ុំទូក «ង» ថ្នាក់ខេត្តដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែ តុលា ឆ្នាំ២០២៤ នៅតាមដងស្ទឹងសែន។
លោកជំទាវ ឃួន ឃុនឌី បានលើកឡើងថាការបង្កើតឲ្យមានកម្មវិធីអុំទូកក្នុងគោលបំណងចូលរួមថែរក្សាអភិរក្សវប្បធម៌ប្រពៃណីខ្មែរ ដែលបានបន្សល់ទុកដល់កូនៗជំនាន់ក្រោយកុំឲ្យបាត់បង់និងសូមគោរពដឹងគុណដល់បុព្វបុរសខ្មែរយើងដែលបានរក្សានិងការពារបាននូវបូរណភាពទឹកដីនៃកម្ពុជា បង្កបរិយាកាសជូនដល់ប្រជាពលរដ្ឋកំសាន្តសប្បាយរីករាយក្រោមម្លប់សន្តិភាព។
លោកជំទាបញ្ជាក់ថាដើម្បីឲ្យដំណើការប្រកួតប្រព្រឹត្តិទៅមានភាពរលូននិងល្អប្រសើរជូនប្រជាពលរដ្ឋកំសាន្តកាន់តែសប្បាយរីករាយនោះ លោកស្រីសូមឲ្យកីឡាករទាំងអស់គោរពនូវបទបញ្ជាផ្ទៃក្នុង ដែលចេញដោយគណៈកម្មការខេត្ត រៀបចំប្រណាំងទូក ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយដៃគូ មិនត្រូវបន្តុះបង្អាប់ដៀមដាម ឌឺដងដាក់គ្នា ឈ្លោះទាស់ទែង ប្រើអំពើហឹង្សាដែលនាំឲ្យបាត់បង់សេចក្តីថ្លៃថ្នូរបស់កីឡាករឡើយ។កត្តាដែលកីឡាករ គប្បីយកចិត្តទុកដាក់បំផុតនោះគឺត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចមានកាយសម្បទានគ្រប់គ្រាន់ម្ចាស់ការអំពីសន្តិសុខសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន រក្សាអនាម័យ និងបរិស្ថាន កន្លែងស្នាក់នៅ រក្សាសេចក្តីថ្លៃថ្នូរ មានអាកប្បកិរិយា និងសុភាពរាបសារ មិនប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទនិងគោរពពេលវេលាឲ្យបានត្រឹមត្រូវ។
ឯកឧត្តន សួស យ៉ារ៉ា បានថ្លែងនូវការស្វាគមន៍ចំពោះក្រុមកីឡាករទាំងអស់និងបានលើកឡើងថាខេត្តកំពង់ធំគឺជាខេត្តមួយដែលមានប្រវត្តិទូកលឿនល្បីៗ ដូច្នេះកីឡាករទាំងអស់ត្រូវតែប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីទទួលបានជ័យប្រកួតថ្នាក់ជំនះនិងត្រៀមខ្លួនទៅប្រកួតថ្នាក់ជាតិបន្តទៀតក្នុងកម្មវិធីបុណ្យប្រពៃណីជាតិ រួមទាំងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលតែងតែបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។
ឯកឧត្តម សួស យ៉ារ៉ា បានផ្តាំផ្ញើដល់ប្រតិភូដឹកនាំដឹកនាំកីឡាករនិងកីឡាករអុំទូកទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនឈ្នះឬចាញ់សូមទទួលយកដោយក្តីរីករាយព្រោះការប្រកួតតែងមានឈ្នះមានចាញ់ជារឿ្ងធម្មតាអ្វីដែលសំខាន់នោះគឺបង្កបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋយើងមកពីគ្រប់ទិសទី។
ជំទាវស្រី ឃួន ឃុនឌី និងឯកឧត្ដម សួស យ៉ារ៉ា បានជួយឧបត្ថម្ភដល់កីឡាករ
១៣ទូក មានកីឡាករ ៤៥០នាក់ ដោយក្នុងមួយទូកៗ ទទួលបានអង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីវ ទឹកក្រូច ក្រមា និងថវិកាមួយចំនួន
។