សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម
(កំពង់ធំ)៖ នៅក្នុងឱកាសចុះបើកយុទ្ធនាការទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាម តាមរយៈការបាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាប៊ែតតាមពាងទឹក និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិធម្មនាថ និងភូមិសង្គមថ្មី ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦។
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំក្រោមការដឹកនាំដោយលោកស្រី ឡេង សុឃីម នាយិការងសាខា សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសន្ទុក មណ្ឌលសុខភាពតាំងក្រសាំង បានធ្វើការណែនាំ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះជំងឺគ្រុនឈាម ខណៈពេលដែលខេត្តកំពង់ធំមានករណីជំងឺគ្រុនឈាមកើតឡើងចំនួនជាង៧០ករណី ទៅលើមនុស្សចាស់ និងកុមារ។
លោកស្រី បានថ្លែងបន្តថា រដូវនេះជារដូវវស្សាដែលមានភ្លៀងធ្លាក់ ហើយទឹកភ្លៀងអាចនឹងដក់នៅជុំវិញផ្ទះ ឬដក់ទៅលើសំបកកង់ឡាន សំបកដូង ដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវនាំគ្នាលុបថ្លុកដែលដក់ទឹក កាប់ឆ្ការព្រៃជុំវិញផ្ទះ និងដាក់ថ្នាំអាប៊ែតក្នុងពាងទឹក ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាមកុំឱ្យកើតមានលើសមាជិកគ្រួសារយើង និងតាមសហគមន៍យើង។
នៅក្នុងឱកាសនោះលោកស្រី នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក៏បានណែនាំដល់មណ្ឌលសុខភាព ត្រូវធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបាញ់ថ្នាំសម្លាប់មូសតាមភូមិ/ឃុំ និងត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងយល់ដឹងពីការទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាម ហើយបើមានករណីគ្រុនឈាមកើតឡើង គ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យត្រូវធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា។
លោក គឹម នី បានថ្លែងឱ្យដឹងថាឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមនិងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ តែងតែយកចិត្តទុកដាក់ និងបានក្រើនរំលឹកដល់មន្ទីរសុខាភិបាល និងសហគមន៍ ឱ្យយកចិត្តទុកដាក់តាមដាន បង្ការ ទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលានៃការកើនឡើងនូវជំងឺគ្រុនឈាមនៅរដូវវស្សានេះ ដោយត្រូវធ្វើការគ្មានថ្ងៃសៅរ៍ អាទិត្យ នោះទេ។ ដើម្បីឆ្លើយតបទៅនឹងការណែនាំនេះហើយ មន្ត្រីសុខាភិបាលបានធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ចុះធ្វើសកម្មភាពអប់រំ និងផ្សព្វផ្សាយពីអនាម័យបរិស្ថាន លុបថ្លុកដែលដក់ទឹក កាប់ឆ្ការព្រៃជុំវិញផ្ទះ និងបាញ់ថ្នាំសម្លាប់មូស នៅតាមបណ្តាភូមិ/ឃុំ របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាមតាមសហគមន៍។
ជាចុងក្រោយលោក គឹម នី អនុប្រធានមណ្ឌលសុខភាពតាំងកក្រសាំង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសឪពុកម្តាយដែលមានកូនតូចៗ ដែលមានរោគសញ្ញាសង្ស័យជំងឺគ្រុនឈាម ដូចជា គ្រុនក្តៅខ្លាំង ឈឺក្បាល ឬមានស្នាមកន្ទួល ត្រូវប្រញាប់បញ្ជូនពួកគេទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែករបស់រដ្ឋឱ្យបានឆាប់ ដើម្បីធ្វើការពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា ចៀសវាងទុកយូរថ្ងៃដែលនាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕ អត្ថបទ ធូ កែវមុន្នី











![]()
