ផ្ទះចំនួន ៣៥ ខ្នងថ្មីទៀត អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ នៅខេត្តកំពង់ធំ បានសាងសង់រួចរាល់ហើយ នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជុំ វីរៈ អភិបាលរងស្រុកសន្ទុក បានដឹកនាំសហការីទៅត្រួតពិនិត្យផ្ទះចំនួន ៣៥ ខ្នងថ្មីទៀត នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សាងសង់ជូនអតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ ឬរស់នៅលើដីសាធារណៈ នៅក្នុងខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ កន្លងទៅនេះនៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីងនេះ បានសាងសង់ផ្ទះ និងបានផ្ដល់ដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ នៅខេត្តកំពង់ធំបានចំនួន ២០៦ គ្រួសាររួចមកហើយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។ សរុបមកដល់ពេលនេះ ផ្ទះចំនួន ២៤១ ខ្នងរួចមកហើយ ដែលបានសាងសង់ជូនអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះនៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង នៅខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា៖ ផ្ទះថ្មីដែលទើបសាងសង់រួចចំនួន ៣៥ ខ្នងនេះ និងធ្វើការចាប់ឆ្នោតផ្តល់ជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះនៅពេលខាងមុខនេះ ។ ហើយបច្ចុប្បន្នគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានចុះធ្វើអធិការកិច្ចចំពោះក្រុមគ្រួសារអតីតយុទ្ធជន ដែលបានស្នើសុំ ដើម្បីឲ្យមានសុក្រិដ្ឋភាព និងដោះស្រាយបានចំគោលដៅ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឲ្យបងប្អូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែបានយកចិត្តទុកដាក់ជួយដោះស្រាយនៅរាល់ការលំបាកជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ និងសូមគោរពជូនពរសម្ដេច និងលោកជំទាវ សូមទទួលបាននូវសុខភាពល្អ អាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាពនិងការអភិវឌ្ឍ ។










![]()
