ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រៀមកម្លាំងជាង ៧០០ នាក់ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ Road-Map នៅតំបន់ប្រាសាទសំបូរព្រៃគុក
(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ Road-Map នៅតំបន់ប្រាសាទសំបូរព្រៃគុក ដោយមានកងកម្លាំងប្រធាន និងអនុប្រធានគោលដៅចូលរួមចំនួន ៣៥នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ។
ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានមានប្រសាសន៍ថា ស្នងការដ្ឋាននគរបាលខេត្តបានត្រៀមខ្លួនរួចជាស្រេច ដោយដាក់ចេញនូវវិធានការគ្រប់ជ្រុងជ្រោយ ទាំងកម្លាំង មធ្យោបាយ និងផែនការប្រតិបត្តិការ ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ ជូនថ្នាក់ដឹកនាំ កីឡាករ កីឡាការិនី ភ្ញៀវជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។
លោកស្នងការបានបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ Road-Map នៅតំបន់ប្រាសាទសំបូរព្រៃគុក នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ»។ ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧–៨ កក្កដា ២០២៦) ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ ដើម្បីជំរុញកំណើនភ្ញៀវទេសចរក្នុងរដូវកាលបៃតង។
ដើម្បីធានាឱ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយរលូន ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដាក់ពង្រាយកម្លាំងនគរបាលសរុបចំនួន ៧០៥ នាក់ ក្នុងនោះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តចំនួន ១៦៥ នាក់ និងកម្លាំងនគរបាលក្រុង-ស្រុកចំនួន ៥៤០ នាក់។ ជាមួយគ្នានេះ ក៏បានត្រៀមមធ្យោបាយប្រតិបត្តិការរួមមាន រថយន្តសារ៉ែនចំនួន ៧ គ្រឿង, រថយន្តពន្លត់អគ្គិភ័យចំនួន ១០ គ្រឿង, រថយន្តសង្គ្រោះចំនួន ២ គ្រឿង, ម៉ូតូប្រដេញចំនួន ៦ គ្រឿង និងវិទ្យុទាក់ទងចំនួន ៤៥០ គ្រឿង។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានផ្តាំផ្ញើឱ្យកងកម្លាំងទាំងអស់អនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ វិន័យ និងសាមគ្គីភាព ដើម្បីធានាឱ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយសុវត្ថិភាព និងទទួលបានជោគជ័យ។
សូមបញ្ចាក់ថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរជាតិសំបូរព្រៃគុក និងវិស័យឯកជន។











![]()
