អភិបាលស្រុកស្ទោង ៖អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាពរស់នៅរបស់បងប្អូនជនពិការ និងគ្រួសារងាយរងហានិភ័យ
(កំពង់ធំ) ៖លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់លើជីវភាពជនពិការ និងគ្រួសារងាយរងហានិភ័យ ។
លោក សាយ គឹមឡម បានថ្លែងក្នុងចុះជួបសួរសុខទុក្ខ ដល់បងប្អូនជនពិការ និងគ្រួសារងាយរងហានិភ័យ នៅក្នុងភូមិក្រសាំង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ។
លោកបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានមានតួនាទីសំខាន់ក្នុងការថែទាំ និងជួយដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋជាពិសេសបងប្អូនជនពិការ និងគ្រួសារងាយរងហានិភ័យ ដែលត្រូវការការយកចិត្តទុកដាក់និងការគាំទ្រជាបន្ទាន់ ដើម្បីធានាថាបងប្អូនទទួលបានរបបគោលនយោបាយ និងប័ណ្ណសមធម៌នានាពីរាជរដ្ឋាភិបាល ដោយតម្លាភាព ជាពិសេសត្រូវបង្កើនការលើកទឹកចិត្ត លុបបំបាត់ការរើសអើង និងផ្តល់ឱកាសស្មើៗគ្នាក្នុងសហគមន៍។
លោកបានសង្កត់ធ្ងន់ថា «ការចូលរួមចំណែកជួយសង្គ្រោះ និងលើកកម្ពស់ជីវភាពបងប្អូនជនពិការ និងគ្រួសារងាយរងគ្រោះ មិនត្រឹមតែជាតួនាទីស្នូលរបស់អាជ្ញាធរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តម ដែលមិនអាចខ្វះបានឡើយ»។
លោក សាយ គឹមឡម បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ បម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ តម្លាភាព និងយុត្តិធម៌ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន។
សូមបញ្ជាក់ថា បងប្អូនជនពិការ និងគ្រួសាររងហានិភ័យ ចំនួន ៥គ្រួសារ ក្នុង១នាក់ ទទួលបាននូវ៖ អង្ករ១បេ មី១កេស និងគ្រឿងឧបភោគបរិភោគមួយចំនួន ដោយឡែកអ្នកស្រី លន់ យីម ទទួលបានទឹកប្រាក់បន្ថែមចំនួន១០ម៉ឺនរៀល និងទទួលបាននូវអង្ករចំនួន១បេក្នុងមួយខែពីលោកអភិបាលស្រុកស្ទោង ផងដែរ។








![]()
