អភិបាលរងខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការអត់ធ្មត់ខ្ពស់ ដោយសារបច្ចុប្បន្ន ស្ថានភាពអាកាសធាតុកំពុងរងគ្រោះដោយបាតុភូតរាំងស្ងួត
(កំពង់ធំ)៖ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការអត់ធ្មត់ខ្ពស់ ដោយសារបច្ចុប្បន្ន ស្ថានភាពអាកាសធាតុកំពុងរងគ្រោះដោយបាតុភូតរាំងស្ងួត ក្នុងពេលដែលឯកឧត្តម បានដឹកនាំក្រុមការងារចុះសម្របសម្រួល និងគ្រប់គ្រងការបែងចែកទឹកសង្គ្រោះស្រែស្រូវរបស់ប្រជាកសិករ ដែលកំពុងរងការគំរាមកំហែងដោយសារកង្វះខាតទឹក នៅអាងទឹក ៣០កញ្ញា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះផងដែរឯកឧត្តម អ៊ុង វុទ្ធី បានមានប្រសាសន៍សម្តែងនូវការយោគយល់ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ខ្ពស់ ដោយសារបច្ចុប្បន្ន ស្ថានភាពអាកាសធាតុកំពុងរងគ្រោះដោយបាតុភូតរាំងស្ងួត ដែលធ្វើឱ្យបរិមាណទឹកមានកម្រិត។ ឯកឧត្តមបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ-ស្រុក ត្រូវសហការគ្នាឱ្យបានស្អិតរមួតជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ។ ត្រូវគ្រប់គ្រង និងបែងចែកទឹកពីអាង «៣០កញ្ញា» នេះ ឱ្យបានត្រឹមត្រូវ មានតម្លាភាព និងកំណត់មុខសញ្ញាអាទិភាពបំផុត ដើម្បីធានាថាស្រែស្រូវដែលកំពុងខ្វះទឹកខ្លាំង ទទួលបានទឹកសង្គ្រោះជាចម្បង។
ឯកឧត្តម បានបន្តថា ក្នុងនាមអាជ្ញាធរខេត្តកំពង់ធំ សូមសំនូមពរបន្ថែមទៀតដល់ប្រជាកសិករត្រូវធ្វើការប្រើប្រាស់ទឹកដោយការប្រុងប្រយ័ត្ន និងសន្សំសំចៃខ្ពស់បំផុត ព្រោះស្ថានភាពអាកាសធាតុនិងបាតុភូតធម្មជាតិហាក់មិនសូវអំណោយផលល្អនៅឡើយ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការីព្រមទាំងអាជ្ញាធរស្រុកកំពង់ស្វាយ និងអាជ្ញាធរស្រុកស្ទោង ដែលបានសហការយកចិត្តទុកដាក់ក្នុងការចុះជួយសម្របសម្រួលបែងចែកទឹកសម្រាប់សង្គ្រោះស្រែស្រូវរបស់ពួកគាត់នៅក្នុងឱកាសនេះ។
សូមបញ្ចាក់ផងដែរថា ការចុះពិនិត្យផ្ទាល់ដល់ទីតាំងនេះ ធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងធានាថាប្រភពទឹកដែលមានស្រាប់ ត្រូវបានដឹកនាំទៅសង្គ្រោះដំណាំស្រូវរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។
















![]()
