បុណ្យផ្កាប្រាក់សាមគ្គីនិងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ ដល់សមណសិស្ស នៅវត្តក្តីអណ្ដែត ក្រុងស្ទឹងសែនខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លី ច័ន្ទ តុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ អនុប្រធាននិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងលោក ស្រី លំ គន្ធារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី និងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ និងប្រគេនជូនវិញ្ញាបនបត្រធម្មវិន័យ ត្រី ទោ ឯក បាលីរងដល់សមណសិស្សស្ថិតក្នុងបរិវេណវត្តក្តីអណ្តែត ក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ដែលពិធីនេះដែរក៏មានការអញ្ជើញចូលរួម ពីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។
ឯកឧត្តមប្រធានបានស្នើសុំឱ្យសមណសិស្ស-សិស្សទាំងអស់យកចិត្តទុកដាក់រៀនសូត្រ រក្សាសុជីវធម៌ និងរួមដៃគ្នាថែរក្សាបេះដូងសាមគ្គីជាតិ ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ។
គួរបញ្ជាក់ផងដែរ ក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីរួមចំណែកក្នុងការទ្រទ្រង់ចង្ហាន់ព្រះសង្ឃក្នុងវត្ត ប្រាក់ខែគ្រូបង្រៀនសមណសិស្ស-សិស្ស និងការចំណាយទូទៅក្នុងវត្តក្តីអណ្តែត ឯកឧត្តមប្រធានបានប្រគេនបច្ច័យបួនចំនួន ១២ ២៥០ ០០០ រៀល និង អង្ករផ្កាម្លិះ១តោន ប្រគេនដល់គណៈកម្មការវត្តក្តីអណ្តែតផងដែរ។
អត្ថបទដោយយីម ប៊ុន ហ័រ-ពិនិត្យដោយអ៊ុមញឹប។