ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំអង្គមីទ្ទិងប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា នៅឃុំដងកាំបិត ស្រុកសណ្ដាន់
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំប្រារព្ធពិធីមីទ្ទីងទិវាជាតិនៃការចងចាំ ២០ ឧសភា និងដោយមានការចូលរួម ពីក្រុមការងារចុះមូលដ្ឋានឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណជិត ៣០០នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងទីអារាមវត្តស្រែវាលខាងកើត ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
កញ្ញា ឈុំ ឆេងហ័រ តំណាងឲ្យអង្គមីទ្ទីង បានអានវិយោគកថា ដោយបានលំឱនកាយគោរពដោយក្តីអាឡោះអាល័យជាទីបំផុតចំពោះវិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ដោយបានកាប់សម្លាប់ និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរចំពោះប្រជាជនកម្ពុជានៅទូទាំងប្រទេស ដោយការបង្អត់អាហារ បង្ខំឲ្យធ្វើការជាទម្ងន់ គ្មានវត្តអារាម គ្មានព្រះសង្ឃ គ្មានទីផ្សារ គ្មានសាលារៀន គ្មានតុលាការកាត់ទោស នឹងយកមនុស្សទៅសម្លាប់ចោលដូចសត្វធាតុ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអានសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិនៃការចងចាំថ្ងៃទី ២០ ឧសភា ឆ្នាំ២០២៥ ដោយបានបញ្ជាក់ថា ការរៀបចំទិវាជាតិនៃការចងចាំ ក្នុងគោលបំណងការលើកតម្កើងដល់ការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់យ៉ាងអយុត្តិធម៌ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងដើម្បីលើកតម្កើងក្នុងការរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបាត់បង់ជីវិតទៅក៏ដោយក្តី។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់តាមខ្លឹមសារ នៃសាររបស់សម្តេចមហាបវរធិបតីបន្ថែមទៀតថា ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកនៃនយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ ជាង៥០០ ឆ្នាំ នាំមកនូវសុខសន្តិភាពនិងការឯកភាពជាតិពេញលេញ ជូនប្រជាជនកម្ពុជា ហើយបានបង្កើតឲ្យមានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីជំនុំជម្រះក្តីលើអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ។
នៅក្នុងសារលិខិតនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សិក្សាអំពីអតីតកាលឈឺចាប់របស់កម្ពុជា ដើម្បីរួមគ្នាទប់ស្កាត់កុំឲ្យមានរបបឃោឃៅព្រៃផ្សៃនេះកើតឡើងជាថ្មី នៅលើទឹកដីសុវណ្ណភូមិនៃយើង និងបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ សូមចូលរួមគាំទ្រនិងថែរក្សាសុខសន្តិភាពនេះ ឲ្យនៅស្ថិតស្ថេរចីរកាល ដើម្បីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជាយើងសម្រាប់ប្រជាជនកម្ពុជា និងមនុស្សជំនាន់ក្រោយៗទៀត ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី ព្រមទាំងប្រជាពលរដ្ឋ បានដុតធូបបង្សុកូល រាប់បាត្រ ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ និងបានសូមបួងសួងសុំឱ្យវិញ្ញាណក្ខន្ធរបស់ពួកគាត់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។