អភិបាលស្រុកស្ទោង ជំរុញដល់រដ្ឋបាលឃុំត្រូវធ្វើផែនការនិងកសាងសមិទ្ធផលរបស់ខ្លួនដោយផ្ដោតលើគុណភាពជាជាងបរិមាណ
(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានធ្វើការណែនាំដូច្នេះនៅក្នុងវេទិកាពិគ្រោះយោបល់ និងព័ត៌មានថវិកាក្រុមប្រឹក្សាស្រុកស្ទោង ឃុំ កំពង់ចិនជើង និងឃុំកំពង់ចិនត្បូង នាថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៤ នៅវត្តកោះរង្សី ស្ថិតនៅក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកបានបញ្ជាក់បន្ថែមថា ដោយសារទីតាំងភូមិសាស្រ្តមូលដ្ឋានរបស់យើង ជាតំបន់កសិកម្មហើយ យើងត្រូវកសាង សមិទ្ធផលនិងប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់ដោយផ្ដោតទៅលើ ជីវភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាអាទិភាពនិងអាចការពារនិងរំដោះទឹកជំនន់ស្ទឹងស្ទោផងដែរ។
លើសពីនេះគឺត្រូវរួមសហការគ្នា ថែរក្សាការពារនូវសមិទ្ធផលដែលបានសម្រេចហើយឱ្យបានល្អ ជាពិសេសផ្លូវកៅស៊ូស្របមាត់ស្ទឹងស្ទោង ខាងឃុំកំពង់ចិនជើង ត្រូវកាយប្រព័ន្ធរំដោះទឹកកុំឲ្យដក់លើផ្លូវកៅស៊ូនិងពង្រីកចំណីផ្លូវបន្ថែមទៀតដើម្បីគុណភាពផ្លូវក៏ដូចជាសោភ័ណភាព ជាពិសេសត្រៀមបំពាក់សូឡា បំភ្លឺអមសងខាងផ្លូវក៏ដូចជាសោភ័ណភាពនិងលើកសម្រស់ស្រុកស្ទោងផងដែរ។
ទន្ទឹមនឹងនេះ លោកបានណែនាំដល់រដ្ឋាករទឹកស្វយ័តស្ទោងត្រូវបង្កើនផលិតកម្មនិងទំហំការផ្គត់ផ្គង់ថែមទៀតដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា ដែលជាផ្នែកមួយនៃការលើកកម្ពស់សុខភាពសាធារណៈប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើង
និងការចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ ជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧នេះ ហើយលោកមេឃុំ ក្រុមប្រឹក្សាឃុំ ត្រូវរួមសហការគ្នា ក្នុងការទទួលខុសត្រូវលើការផ្ដល់សេវា ការកសាងផែនការអភិវឌ្ឍន៍ ព្រមទាំងសម្រេចបានសមិទ្ធផលនានា។
លោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរឃុំទាំងពីរខាងលើ ត្រូវចុះសិក្សានិងពិនិត្យមើលផ្ទាល់ដល់ទីតាំងក្នុងការថែរក្សាជួសជុល សមិទ្ធផលនានាជាពិសេសប្រព័ន្ធលូរំដោះទឹកស្អុយនៅក្នុងទីរួមស្រុកស្ទោង ដើម្បីអនាម័យ សោភ័ណភាពនិងបរិស្ថាន។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។