បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ចចាំបាច់មួយចំនួន ជូនដល់កងកម្លាំង
(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើង និងពង្រឹងតួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ដែលពិធីផ្សព្វផ្សាយ និងប្រគល់ភារកិច្ចនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា កន្លងទៅថ្មីៗនេះពួកជ្រុលនិយម ប្រតិកិរិយាមួយចំនួន ខិតខំរិះរកឧបាយកលគ្រប់បែបយ៉ាង ក្នុងការចោទប្រកាន់ បំភ្លៃការពិតនូវរាល់សកម្មភាពរបស់រាជរដ្ឋាភិបាល ដែលកំពុងអភិវឌ្ឍប្រទេសជាតិ ពិសេសញុះញង់ ក្រុមយុវជនមួយចំនួន ឲ្យងើបឡើងបះបោរក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោតដែលមានប្រជាជនកម្ពុជាគាំទ្រយ៉ាងច្រើនលើសលុប ដែលបច្ចុប្បន្ននេះកំពុងដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវភារកិច្ចមួយចំនួនដូចខាងក្រោម÷ ទីមួយ យោធិនគ្រប់រូប ត្រូវស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។ ទីពីរ ត្រូវបន្តក្តាប់ឲ្យជាប់រាល់សភាពការណ៍ចលនាញុះញង់ និងការឃោសនាព័ត៌មានបំភ្លៃការពិត ដែលនាំឲ្យមានការចលាចលក្នុងសង្គម ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ជាធរមាន ។
ទីបី ត្រូវត្រៀមបម្រុងកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជា ក្នុងការកំចាត់ចោលនូវជនទាំងឡាយណា ដែលមានគោលបំណងបំផ្លាញសុខសន្តិភាពរបស់ប្រជាជនកម្ពុជា ឲ្យបានជាដាច់ខាត។
ទីបួន ត្រូវបន្តចូលរួមអនុវត្តក្នុងភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឱ្យបានជាដាច់ខាត ដោយមិនឱ្យមានការកើតឡើងជាថ្មីនូវការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិបានឡើយ ។ និងទី៥ ត្រូវបន្តទៅបម្រើប្រជាជននៅតាមមូលដ្ឋាននានា ដោយស្មោះត្រង់ និងត្រូវយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ការលំបាកនានារបស់បងប្អូនអតីតយុទ្ធជននៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
យោធិនគ្រប់រូបនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាតគោរពអនវត្តន៍តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ បទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងការណែនាំ ប្រគល់ភារកិច្ចរបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដែលបានប្រគល់ជូន។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។