ឯកឧត្តម នួន ផារ័ត្ន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការរដ្ឋបាលខេត្តកំពង់ធំ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល
(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការរដ្ឋបាលខេត្ត ក្នុងឱកាសបុណ្យឆ្លងឆ្នាំលក នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាតោ នៃសាលាខេត្តកំពង់ធំ។
នាឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងអំពីស្ថានភាពវិវត្តថ្មីៗ នៃសភាពការណ៍ នៅតាមព្រំដែនកម្ពុជា-ថៃ ដែលយោធាថៃបានព្យាយាមរំលោភបំពានលើអធិបតេយ្យភាពរបស់កម្ពុជា ហើយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពិតជាមិនបានសម្រាកទេ ជាពិសេសសម្តេចតេជោ និងសម្ដេចបវរធិបតី ដែលកំពុងដឹកនាំបញ្ជា និងតាមដានសភាពការណ៍ដោយផ្ទាល់យ៉ាងយកចិត្តទុកដាក់បំផុតក្នុងការការពារជាតិមាតុភូមិកម្ពុជា។
លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍បន្តថា សូមមន្ត្រីរាជការទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាសន្តិភាព និងការការពារអធិបតេយ្យ បូរណភាពដែនដី និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើង ហើយកក្តាសាមគ្គីជាតិយើងសំខាន់ណាស់ ក្នុងការទប់ទល់នឹងការឈ្លានពានរបស់សត្រូវ។
បន្ថែមលើសពីនេះទៀត សម្រាប់ឆ្នាំ២០២៦ ខាងមុខនេះ ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍លើកទឹកចិត្តឱ្យបងប្អូនមន្ត្រីរាជការខិតខំបំពេញការងារ ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត តាមរយៈការអភិវឌ្ឍវិស័យកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ។
ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើរដល់មន្ត្រីគ្រប់រូប ខិតខំធ្វើការងារឱ្យបានច្រើនជាងមុន ឆ្លាតជាងមុន រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ត្រូវធ្វើការរួមគ្នា គិតប្រយោជន៍រួម បង្កើនប្រសិទ្ធភាពការងារ ដើម្បីអភិវឌ្ឍន៍ខេត្តកំពង់ធំ ឱ្យកាន់តែរីកចម្រើនថែមទៀត។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ





















![]()
