ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសហគមន៍កសិកម្មសំព្រោជមានជ័យ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយកដ្ឋមន្ត្រីប្រចាំការ
នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មសំព្រោជមានជ័យ ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំសំព្រោជ ស្រុកស្ទោង និងសហគមន៍ផ្សេងទៀតជុំវិញស្រុក ក្រោមគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ។
សូមជម្រាបថា ពិធីជួបសំណេះសំណាលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងក្រុមការងារទាំងអស់ ក៏បានអញ្ជើញដាំកូនឈើទុកជាអនុស្សាវរីយនៅក្នុងសហគមន៍ផងដែរ។
សូមបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។ គម្រោងនេះមានគោលបំណងបង្កើនប្រាក់ចំណូលប្រជាជនក្នុងមូលដ្ឋាន និងកាត់បន្ថយចំណាកស្រុក តាមរយៈការជំរុញការធ្វើពិពិធកម្ម និងការពង្រីកមុខរបរផលិតកម្មកសិកម្ម ដែលនឹងជំរុញដល់សកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងលើកកម្ពស់កម្រិតជីវភាពប្រជាជន។ គម្រោងនេះត្រូវអនុវត្តក្នុងរយៈពេល៤ឆ្នាំ គឺពីឆ្នាំ២០២៥ដល់ឆ្នាំ២០២៨ ជាមួយសហគមន៍កសិកម្មចំនួន៧៥ ដែលបានចុះបញ្ជីនៅក្នុងបណ្តាស្រុក/ក្រុងទាំង៩ នៃខេត្តកំពង់ធំ៕




















![]()
