អភិបាលស្រុកស្ទោង អញ្ជើញចែកអំណោយជូនដល់គ្រួសារក្រីក្រចំនួន ៦គ្រួសារនៅឃុំព្រះដំរី
កំពង់ធំ : លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញចុះសួរសុខ និងចែកអំណោយជូនដល់គ្រួសារក្រីក្រចំនួន ៦គ្រួសារនៅឃុំព្រះដំរី នៅរសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤។
ក្នុងឱកាសនេះដែលលោកបានពាំនាំផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាននិងគ្រប់ពេលវេលា។
លោកបានណែនាំដល់អាជ្ញាធរភូមិ ឃុំ ត្រូវជំរុញប្រជាពលរដ្ឋដាំដុះដំណាំផ្សេងៗនៅតាមផ្ទះរបស់បងប្អូន នោះអាចជួយដោះស្រាយដល់ជីវភាពបងប្អូនបានខ្លះដែរជាពិសេសអាចកាត់បន្ថយបន្លែគីមី ។
លើសពីនេះ លោកបានណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្ន ត្រូវអនាម័យដោយយើងហូបទឹកដាំពុះនិងចេះថែរក្សាសុខភាពបង្ការខ្លួនពីជំងឺឆ្លងផ្សេងៗ ត្រូវសម្រាកនៅក្នុងមុង ហើយបើមានអាការខុសប្រក្រតីសូមអញ្ជើញទៅជួបនៅគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យដែលជិតបំផុតដើម្បីប្រឹក្សានិងព្យាបាល។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង គ្រួសារខាងលើ ក្នុងមួយគ្រួសារៗទទួលបាននូវ អង្ករ១បេ មី១កេស ទឹកស៊ីអ៊ីវ១យួរ និងត្រីខរ១យួរ ។(អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប )។