ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការី ចូលរួមពិធីដង្ហែព្រះពុទ្ធបដិមាករ និងពុទ្ឋាភិសេក នៅវត្តឥន្ទកុមារ ស្រុកកំពង់ស្វាយ
(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយព្រតេជគណព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីដង្ហែព្រះពុទ្ធបដិមាករចំនួន៥អង្គ និងពុទ្ឋាភិសេក នៅវត្តឥន្ទកុមារ ស្ថិតនៅក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះព្រះតេជគណ យាន ស្រេង ព្រះគ្រូចៅអធិការវត្តឥន្ទកុមារ ដែលព្រះអង្គបានខិតខំប្រឹងប្រែងដឹកនាំ និងមានការចូលរួមពីសប្បុរសជននានាក្នុងការកសាងសមិទ្ធផលនៅក្នុងវត្ត មានជាអាទិ៍ របងថ្មព័ទ្ធជុំវិញវត្ត ក្លោងទ្វារ ផ្លូវបេតុង ស្រះទឹក និងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនាជាច្រើនទៀត នៅក្នុងវត្តឥន្ទកុមារនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ក្រោមម្លប់សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ដែលកាលពីក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវពួកវាបំផ្លាញដល់ឬសគល់ តែពេលនេះយើងមានវត្តអារាមជាង៥ពាន់វត្ត និងមានព្រះសង្ឃគង់នៅជាង ៧ ម៉ឺនអង្គ កំពុងប្រតិបត្តិក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។
ដេីម្បីចូលរួមក្នុងពិធីដង្ហែព្រះពុទ្ធបដិមាករ និងពុទ្ឋាភិសេកនាពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការីបាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មកប្រគេនព្រះសង្ឃនៅក្នុងវត្តឥន្ទកុមារ មានដូចជា អង្ករចំនួន២៥០គីឡូក្រាម មីជាតិចំនួន១០កេស ត្រីខកំប៉ុងចំនួន១០យួរ ទឹកត្រីទឹកស៊ីអ៊ីវចំនួន១០យួរ និងថវិកាមួយចំនួន ផងដែរ ។
ព្រះតេជគណ យាន ស្រេង ព្រះគ្រូចៅអធិការវត្ត បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយ:ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ដែលតែងតែបានផ្សារភ្ជាប់នូវសកម្មភាពមនុស្សធម៌ជួយដល់ព្រះសង្ឃ អតីតយុទ្ធជននិងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាត នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ពិសេសបានជួយឧបត្ថម្ភជាច្រើនលើករួចមកហើយ នៅទីអារាមវត្តឥន្ទកុមារនេះ និងសូមជូនពរសម្តេចលោកជំទាវ និងលោក លោកស្រីទាំងអស់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។