ប្រជាពលរដ្ឋចំនួន១.២៤០គ្រួសារ បានទទួលចង្ក្រានសន្សំសំចៃថាមពល ពីរដ្ឋបាលស្រុកស្ទោង
(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលនៃគណៈអភិបាលស្រុកស្ទោង និងសហការីបានចែកចង្ក្រានសន្សំសំចៃថាមពលជូនដល់ប្រជាពលរដ្ឋក្នុងឃុំកំពង់ចិនជើង និងឃុំព្រះដំរី កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅបរិវេណសាលាស្រុកស្ទោង និងសាលាឃុំព្រះដំរី។
លោកបានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឯកឧត្តមតែងតែគិតគូរ យកចិត្តទុកដាក់ពីសុខទុក្ខសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់។
ថ្លែងក្នុងឱកាសនោះដែរ លោកអភិបាលស្រុកស្ទោង បានមានប្រសាសន៍ថា ចង្ក្រាន្តសន្សំសំចៃថាមពលនេះ អាចសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យមានភាពងាយស្រួលក្នុងការចម្អិនអាហារប្រចាំថ្ងៃ និងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការពារបរិស្ថានពីការបំពុលផងដែរ។
បន្ថែមពីនេះលោក សាយ គឹមឡម បានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើដំណើរតាមដងផ្លូវ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។
ជាចុងបញ្ចប់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុក និងក្រៅស្រុកទាំងអស់សូមជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាល មិនត្រូវជឿ និងលង់ខ្លួនតាមការញុះញង់របស់ក្រុមឧទ្ទាមមួយចំនួនតូច ហើយត្រូវងាកមកគាំទ្រផលិតផលក្នុងស្រុក ដើម្បីលើកតម្កើងសេដ្ឋកិច្ចជាតិ ជាពិសេសសូមបងប្អូនរួបរួមគ្នាជាធ្លុងមួយការពារឱ្យបាននូវសន្តិភាព ព្រោះសន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។