លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ដឹកនាំអតីតសិស្សមិត្តរួមជំនាន់ទី៣ វិទ្យាល័យកំពង់ធំ សួរសុខទុកវីរកងទ័ព ជួរមុខទិសទី១ ប្រាសាទព្រះវិហារ
(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា បានដឹកនាំអតីតសិស្សមិត្តរួមជំនាន់ទី៣ វិទ្យាល័យកំពង់ធំ ព្រមទាំងសមាគមសមាធិព្រះធម៌ សាខាខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងសំភារ:ប្រើប្រាស់មួយចំនួន លើកទឹកចិត្តវីរៈកងទ័ព ជួរមុខទិសទី១ ប្រាសាទព្រះវិហារ នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះលោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចតែងតែងគិតគូរសុខទុក្ខ និងដោះស្រាយរាល់ទុក្ខលំបាករបស់ក្រុមគ្រួសារកងទ័ព ជាពិសេសបងប្អូនវីរកងទ័ព ដែរកំពុងតែឈរជើងការពារទឹកដី ពីសំណាក់ចោរសៀម នាពេលនេះ។
លោកជំទាវ ក៏បានសម្ដែងនូវការគោរពដឹងគុណ កោតសរសើរខ្ពស់ ចំពោះវីរភាព របស់យុទ្ធជនកងទ័ពរបស់យើងដែលបាន ខិតខំតស៊ូពុះពារប្រយុទ្ធប្រឆាំង តទល់ជាមួយទាហានថៃ នៅក្នុងសមរភូមិ និងក្រាញននៀលការពារជាតិមាតុភូមិមិនឱ្យបាត់បង់មួយមីលីម៉ែត្រ ដើម្បីរក្សាបូរណភាពទឹកដីសុវណ្ណភូមិនៃយើង ដែលជាកេរដំណែលរបស់ដូនតា និងរក្សាបាននូវសុខសុវត្ថិភាព ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបដោយសុខក្សេមក្សាន្ត។
លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ក៏បានអំពាវនាវពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវនាំគ្នាមានស្មារតីសាមគ្គីជាធ្លុងមួយ ខ្មែរជួយខ្មែរ ខ្មែរគាំទ្រខ្មែរឱ្យបានខ្ពស់បំផុត ក្នុងការប្រឆាំងដាច់ខាត នូវការបង្កសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា ហើយគាំទ្រពេញទំហឹងនូវយុទ្ធសាស្ត្រ និងការដោះស្រាយប្រកបដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ ជាធរមាន ប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សូមបញ្ចាក់ថា វីរកងទ័ពដែលបានមកទទួលនៅគ្រឿងឧបភោគ បរិភោគ និងសំភារ:ប្រើប្រាស់ ចំនួន ៥ កងឯកភាព ជួរមុខទិសទី១ ប្រាសាទព្រះវិហារ។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។