លោក ឃីម សុខឃាង បានណែនាំក្រុមប្រឹក្សាឃុំត្រូវគិតពីការអភិវឌ្ឍន៍ក្នុងសហគមន៍ជាចំបង
(កំពង់ធំ)÷ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានថ្លែងដូច្នេះនៅក្នុងឱកាសដែលលោកបាន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងកិច្ចការដែលនៅសេសសល់ ដើម្បីបំពេញតម្រូវការបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងឱកាសជួបជុំជាមួយក្រុមប្រឹក្សាឃុំស្រើង លោក ឃីម សុខឃាង បានលើកឡើងថាក្រុមប្រឹក្សាឃុំត្រូវអនុវត្តគោលនយោបាយរួមតែមួយ ពោលគឺត្រូវគិតពិភាក្សាគ្នាដើម្បីធ្វើយ៉ាងណាអភិវឌ្ឍកន្លែងណាខ្លះ?និងត្រូវធ្វើអ្វីខ្លះ? ក្នុងការពន្លឿនអភិវឌ្ឍន៍នៅក្នុងសហគមន៍ឲ្យបានទាន់ពេលវេលា។
លោកអភិបាលស្រុក បានបន្ថែមទៀតថាកិច្ចការអភិវឌ្ឍភូមិឃុំជាកាតព្វកិច្ចរបស់ក្រុមប្រឹក្សាឃុំត្រូវតែធ្វើ ហើយក្រុមប្រឹក្សាឃុំត្រូវតែជជែកពិភាក្សាកំណត់គម្រោងអាទិភាព ដើម្បីជាមូលដ្ឋានក្នុងការស្វែងរកដៃគូរអភិវឌ្ឍន៍ ឬ ថវិកាពីសប្បុរសជននានា។
លោក ក៏បានលើកទឹកចិត្តក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវតែចូលរួមដោះស្រាយបញ្ហាដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ចៀសវាងនាំគ្នារុញច្រានបញ្ហាឱ្យកាន់តែរីកធំពិបាកក្នុងការដោះស្រាយ។ អត្ថបទរដ្ឋបាលស្រុកប្រាសាទសំបូរ.ពិនិត្យដោយអ៊ុមញឹប