លោកឧត្តមសេនីយ៍ទោ ហេង សុផល នាំយកគ្រឿងឧបភោគបរិភោគ ជូនមន្ត្រីនគរបាលជាតិ និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅស្រុកប្រាសាទសំបូរ
(កំពង់ធំ)÷ រសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ មន្ត្រីនគរបាលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន ស្ថិតក្នុងភូមិត្រពាំងជ្រូក ឃុំ សំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលជានិច្ចកាល ឯកឧត្តម តែងតែយកចិត្តទុកដាក់សុខទុក្ខលោកអនុសេនីយ៍ឯក សៀម ថា នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលឈូក នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ដែលមានជំងឺសម្ពាធសរសៃឈាម និងប្រជាពលរដ្ឋ គ្រប់មូលដ្ឋានទូទាំងខេត្ត ជាពិសេសកម្លាំងនគរបាលជាតិ ដែលកំពុងបំពេញបេសកកម្ម ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
បន្ថែមប្រសាសន៍សំណេះសំណាល លោកស្នងការ ផ្ដាំផ្ញើដល់អ្នកជំងឺ ត្រូវធ្វើអនាម័យជាប្រចាំ ហូបស្អាតទឹកស្អាត ពិសារឱសថបានទៀងទាត់ សម្រាកគ្រប់គ្រាន់ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា៦០០,០០០រៀល ។
លោក សៀម ថា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកស្នងការ និងប្រតិភូអមដំណើរ ដែលបានឆ្លៀតឱកាស ដ៏មានតម្លៃចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួន ឧបត្ថម្ភ ដល់ក្រុមគ្រួសារលោកនិងគោរពជូនពរជូនចំពោះថ្នាក់ដឹកនាំ សូមសមប្រកបជួបប្រទះតែពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ខណៈនោះដែរ លោកស្នងការ បានជួបសំណេះសំណាល ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនអតីតយុទ្ធជនចំនួន០២គ្រួសារ ដែលជាកីឡាករចំណុះទូក”ស្រីស្រស់ស្ទឹងសែន” ស្ថិតនៅភូមិបាក់ស្រី ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងថវិកា៦០០.០០០រៀល ក្នុងម្នាក់ៗទទួលបាន÷ អង្ករ៥០គីឡូក្រាម ទឹកសុទ្ធ០៥យួរ ភេសជ្ជៈ០២កេស មី០១កេស ត្រីខ០១យួរ ទឹកត្រីទឹកស៉ីវអ៉ី០២យួរ និងថវិកា៦០០.០០០រៀល ដើម្បីសម្រាលការចំណាយដោះស្រាយជីវភាពជាប្រចាំថ្ងៃ។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ.ពិនិយ្យដោយអ៊ុមញឹប។