លោក ហាក់ ម៉ុងហួត លើកទឹកចិត្តឱ្យយុវជនមូលដ្ឋានបន្តលើកស្ទួយវិស័យកីឡាគឺ យុវកីឡាករបាល់ទាត់៨ក្រុមប្រកួតគ្នាដណ្ដើមយកពានរង្វាន់មហាជនស្រុកតាំងគោក
(កំពង់ធំ)៖ រដ្ឋបាលស្រុកតាំងគោក នៃខេត្តកំពង់ធំ បានរៀបចំឱ្យមានព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់មហាជនស្រុកតាំងគោក ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ភាតរភាពរវាងអតីតសិស្សវិទ្យាល័យ ក៏ដូចជាបណ្ដាយុវជនដែលជាមិត្តភ័ក្តិនឹងគ្នា ពង្រឹងនិងបង្កើនបទពិសោធន៍ ពង្រីកការយល់ដឹងពីច្បាប់និងវិន័យនៃការប្រកួត ពិសេសគឺចូលរួមលើកស្ទួយវិស័យកីឡាផងដែរ។
សូមជម្រាបថា ទីតាំងប្រកួតគឺនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន តាំងគោក ខណៈពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់មហាជនស្រុកតាំងគោកនេះ ធ្វើឡើងនារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក។
លោក អៀង ប៊ុនហាន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកតាំងគោក បានឱ្យដឹងថា ក្រុមយុវកីឡាករដែលចូលរួមក្នុងការប្រកួតបាល់ទាត់ ពានរង្វាន់មហាជនស្រុកតាំងគោក នេះ សរុបមានចំនួន៨ក្រុម ដែលក្នុងនោះមានកីឡាករសរុប២៥០នាក់ ប្រតិភូដឹកនាំ-គ្រូបង្វឹក២៤នាក់ និងក្រុមអាជ្ញាកណ្ដាល១៥នាក់ ខណៈក្រុមទាំង៨នោះរួមមាន៖
១-ក្រុមពង្ររួមមិត្ត
២-ក្រុមឃាតករចិត្តព្រាន
៣-ក្រុមតោរោមមាស
៤-ក្រុមអធិរាជសេះស
៥-ក្រុមតាខ្មៅ
៦-ក្រុមដំរីស្នេហ៍ច័ន្ទ
៧-ក្រុមហង្សភ្លើង
៨-ក្រុមខ្លាកំណាចតាំងគោក។
លោកប្រធាន អៀង ប៊ុនហាន បានបន្តថា ការប្រកួតបាល់ទាត់នេះដែរ មានរយៈពេល៦ខែ ចាប់ពីថ្ងៃ៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ភាគច្រើនគឺប្រកួតនៅថ្ងៃសៅរ៍-អាទិត្យដែលសម្រាកពីការសិក្សានិងការងារ ក៏ដូចជាថ្ងៃឈប់សម្រាកពេលបុណ្យទានជាដើម។
នាពិធីបើកព្រឹត្តិការណ៍ប្រកួតនោះ លោកអភិបាលស្រុក ហាក់ ម៉ុងហួត បានឱ្យដឹងពីការផ្ដួចផ្ដើមដំបូង និងការគាំទ្រចំពោះការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពនេះ។ លោកថ្លែងថា ក្រៅពីចូលរួមលើកស្ទួយវិស័យកីឡានៅមូលដ្ឋាន ព្រឹត្តិការណ៍នេះក៏ជាឱកាសជួបជុំរវាងអតីតសិស្សវិទ្យាល័យ សិស្សវិទ្យាល័យ ក៏ដូចជាបណ្ដាយុវជនដែលជាមិត្តភក្តិនឹងគ្នាមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព ពង្រឹងនិងបង្កើនបទពិសោធន៍ ពង្រីកការយល់ដឹងពីច្បាប់និងវិន័យនៃការលេងកីឡាបាល់ទាត់។
លោកអភិបាលស្រុក ក៏បានអំពាវនាវលើកទឹកចិត្តដល់សិស្សានុសិស្ស-យុវជននៅស្រុកតាំងគោក ក៏ដូចជានៅស្រុកភូមិដទៃ សូមចូលរួមលេងនិងលើកស្ទួយវិស័យកីឡាឱ្យបានសកម្មផុសផុល តាមរយៈកម្មវិធីសិក្សាក្ដី ការធ្វើលំហាត់ប្រាណក្ដី ឬក៏ការជួបជុំចូលរួមលេងក្នុងទីលានក្ដី ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន ឬអំពើអបាយមុខផ្សេងៗ។ ការលេងកីឡា តួយ៉ាងដូចជាកីឡាបាល់ទាត់នេះ គឺនាំមកនូវសុខភាពរាយកាយនិងបញ្ញា បង្កើនស្មារតីសហការជាក្រុម បង្កើនបទពិសោធន៍និងទំនាក់ទំនងល្អប្រកបដោយមិត្តភាព សាមគ្គីភាព ភាតរភាព (ភាពជាបងប្អូន)។
ជាចំណេះដឹងល្អៗសម្រាប់សិស្សានុសិស្ស និងក្រុមកីឡាករ លោកអភិបាលស្រុកបានលើកឡើងពីការស្រាវជ្រាវនូវប្រវត្តិនិងការវិវត្តនៃកីឡាបាល់ទាត់ ដែលបានចាប់កំណើតឡើងដំបូងបង្អស់នៅប្រទេសចិនតាំងពីរាប់ពាន់ឆ្នាំមុន ហើយបាននាំទៅដល់តំបន់អឺរ៉ុប ការបង្កើតក្រមវិន័យ-ច្បាប់នៃការលេង រហូតដល់មានការរីកសាយភាយពាសពេញពិភពលោក តាមរយៈពួកអាណានិគមនិយមអឺរ៉ុប មានចក្រភពអង់គ្លេសជាដើម ក៏ដូចជាការបង្កើតឱ្យមានទម្រង់លេងនិងច្បាប់ប្រកួតពីសំណាក់ស្ថាប័ន FIFA ដូចយើងឃើញនាសម័យទំនើបបច្ចុប្បន្ន។
សូមជម្រាបថា ការរៀបចំឱ្យមានការប្រកួតនេះ គឺស្របទៅនឹងការជំរុញរបស់រាជរដ្ឋាភិបាល ជាក់ស្ដែង កាលពីអំឡុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះលើកទី១ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋម្នាក់ៗចូលរួមលេងកីឡា បង្កើតព្រឹត្តិការណ៍ប្រកួតកីឡាឱ្យបានច្រើន ដើម្បីលើកស្ទួយវិស័យកីឡាជាតិ។ អត្ថបទរដ្ឋបាលស្រុកតាំងគោក.ពិនិត្យដោយអ៊ុមញឹប