ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រគល់ថវិកាបេឡាមរណសង្គ្រោះ និងអំណោយមនុស្សធម៌របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ នៅស្រុកសណ្ដាន់
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង តំណាងឲ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងស្រុកសណ្ដាន់ រួមជាមួយអាជ្ញាធរដែនដី បានទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ ដែលបានទទួលមរណភាពដោយរោគាពាធ នៅគេហដ្ឋានរបស់សព ស្ថិតនៅភូមិជរ ឃុំសណ្ដាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
លោកអនុសេនីយ៍ទោ យិន ដាលីន នាយរងការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង តំណាងឲ្យក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ថា៖ លោក ស្រី មឿន ជាអតីតយុទ្ធជនចូលសោធននិវត្តន៍ អាយុ ៧១ឆ្នាំ មានឋានន្តរសក្ដិ អនុសេនីយ៍ត្រី បានចូលរួមបម្រើក្នុងជួរកងទ័ព នៅអង្គភាពយោធាស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅឆ្នាំ១៩៨៥ ហើយត្រូវបានក្រសួងការពារជាតិដាក់ចូលនិវត្តន៍នៅក្នុងឆ្នាំ២០០៣ លោកត្រូវបានទទួលមរណភាពដោយរោគាពាធនៅថៃ្ងទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានបន្សល់ទុកនូវភរិយា និងកូន រស់នៅក្នុងបន្ទុកចំនួន ៦ នាក់ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោក អនុសេនីយ៍ត្រីស្រី មឿន ដែលជាអតីតយុទ្ធជន ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយធ្លាប់បានរួមចំណែកក្នុងការប្រយុទ្ធ ការពារ ទប់ស្កាត់ មិនឲ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញ និងបានចូលរួមចំណែកអនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជម្រាបជូនក្រុមគ្រួសារសព និងប្រជាពលរដ្ឋអំពីប្រសាសន៍សំខាន់ៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង គិតទាំងការយកចិត្តទុកដាក់ ការសិក្សារៀនសូត្រ ការផ្តល់ការងារសមស្របសម្រាប់កូនចៅអតីតយុទ្ធជន និងនិវត្តជនយេីង រួមទាំងការដោះស្រាយដីធ្លី និងផ្ទះសម្បែង ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលគ្មានដីគ្មានផ្ទះ ពិតប្រាកដផងដែរ ។
នៅក្នុងឱកាសចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងគោរពវិញ្ញាណក្ខន្ធសព អតីតយុទ្ធជនសោធននិវត្តន៍ ឈ្មោះ ស្រី មឿន នេះដែរ ។ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤,០០០,០០០ រៀល និងគ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារសពផងដែរ និងបានសូមបួងសួងដល់វិញ្ញាណក្ខន្ធលោក អនុសេនីយ៍ត្រី ស្រី មឿន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។អត្ថបទតំបន់ប្រតិបត្តិការសិករងកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។










![]()
