ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បញ្ចេញកងកម្លាំងប្រមាណ ១,៣០០ នាក់ ក្នុងពិធីបណ្តែតប្រទីប បង្ហោះគោម បួងសួងចម្រើនសិរីសួស្តី
(កំពង់ធំ)÷លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដាក់ចេញនូវវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ក្នុងឱកាសពិធីបណ្តែតប្រទីប បង្ហោះគោម បួងសួងចម្រើនសិរីសួស្តី នៅខេត្តកំពង់ធំ ។
ចំពោះកិច្ចប្រតិបត្តិការ រយៈពេល បី ថ្ងៃ នៃពិធីបណ្តែតប្រទីប បង្ហោះគោម កាលពីថ្ងៃទី ១៤-១៥ កើត និងថ្ងៃ១រោច ខែ កក្តិក ត្រូវនឹងថ្ងៃទី ៤-៥-៦ ខែ វិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ ពុំមានហេតុការណ៍ អ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់ទេ ។
កងកម្លាំងនគរបាលខេត្តកំពង់ធំ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល បងប្អូនបានយកអស់កម្លាំងកាយចិត្ត ថវិកាផ្ទាល់ខ្លួន ចូលរួមយ៉ាងសកម្ម អនុវត្តតួនាទី ភារកិច្ច បង្ករបរិយាកាសល្អ ជូនភ្ញៀវជាតិ អន្តរជាតិ ដែលបានអញ្ជើញទស្សនា កម្សាន្ត តាមទីវត្តអារាម រមនីយដ្ឋាន ទីកម្សាន្តសប្បាយភាពនានា ទូទាំងខេត្តដោយភាពសុខដុមរមនា ។
ដោយឡែកគ្រប់តម្រាយផ្លូវនានា ត្រូវបានពង្រាយ កងកម្លាំង នៅប្រចាំការ ល្បាត ត្រៀមកិច្ចអន្តរាគមន៍ នាគ្រាចាំបាច់ ព្រមទាំងជួយសម្រួលចរាចរណ៍ ជូនអ្នកធ្វើដំណើរ ប្រកបដោយឥរិយាបថ ទន់ភ្លន់ សុភាពរៀបសារ រួសរាយ រាក់ទាក់ ផ្ដល់ទំនុកចិត្ត ដល់ប្រជាពលរដ្ឋ ។
សូមបញ្ជាក់ដែរថា រដ្ឋបាលសាលាខេត្តកំពង់ធំ ក្នុងឱកាស នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ ព្រះខែ អកអំបុក នៅខេត្តកំពង់ធំ ឆ្នាំនេះ ពុំមានរៀបចំពិធីប្រណាំងទូក ដូចបណ្ដាឆ្នាំមុនៗទេ ប៉ុន្តែដើម្បីរក្សាការពារទំនៀមទម្លាប់ ប្រពៃណី ដ៏ល្អផូផង់ និងការរំឭក ដល់ព្រះគង្គារ និងព្រះធរណី ដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផល ក្នុងការងារកសិកម្ម មុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ។
រដ្ឋបាលសាលាខេត្ត បានរៀបចំពិធី បណ្ដែតប្រទីប និងបង្ហោះគោម រយៈពេល បីរាត្រី គឺនៅថ្ងៃទី ៤-៥-៦ ខែ វិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ និង ០០ នាទីល្ងាច តទៅ នៅបរិវេណសួនស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងពិធីនោះដែរ ដើម្បីការពាររក្សា
សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ
ស្នងការដ្ឋាននគរបាលខេត្ត បានប្រើប្រាស់
កងកម្លាំងនគរបាល ចំនួន ១,២៩៥ នាក់,
.មធ្យោបាយ : .រថយន្តពន្លត់អគ្គិភ័យ០៤គ្រឿង,
.រថយន្តស៊ីរ៉ែន ១០ គ្រឿង,.រថយន្តសង្គ្រោះចំនួន០១ គ្រឿង,.ម៉ូតូប្រដេញ ០៦ គ្រឿង,.កាណូត ០២ គ្រឿង,.វិទ្យុទំនាក់ទំនង ៨៥០ គ្រឿង ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្ត-ពិនិត្យដោយអ៊ុមញឹប














![]()
