សិក្ខាសាលាស្តីពី ការចែករំលែកចំណេះដឹង និងការប្រឹក្សាអនុវត្តអនាម័យល្អ និងផលិតកម្មល្អ លើវិស័យម្ហូបអាហារ និងការស្ទង់មតិស្តីពី កត្តាប្រឈម និងតម្រូវបច្ចេកវិទ្យា ក្នុងការកែច្នៃ ផលិតផល គ្រាប់ស្វាយចន្ទី ក្នុងសហគ្រាសមីក្រូតូច និងមធ្យម នៅខេត្តកំពង់ធំ
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ពៅ វណ្ណា អនុប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាស្តីពីការចែករំលែកចំណេះដឹង និងការប្រឹក្សាអនុវត្តអនាម័យល្អ និងផលិតកម្មល្អ លើវិស័យម្ហូបអាហារ និងការស្ទង់មតិស្តីពី-កត្តាប្រឈម និងតម្រូវការបច្ចេកវិទ្យា ក្នុងការកែច្នៃផលិតផលគ្រាប់ស្វាយចន្ទី ក្នុងសហគ្រាសមីក្រូតូច និងមធ្យម នៅខេត្តកំពង់ធំ។
សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពី លោកស្រីបណ្ឌិត ឆៃ ចិន្តា ប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកស្រី ស្រ៊ុន ម៉ានិត ប្រធានការិយាល័យព័ត៌មាន និងកិច្ចការទូទៅ លោក មោក តុងលី ប្រធានមន្ទីរពិសោធន៍ (Fablap) លោក ទេព្យ សុវណ្ណពិសិដ្ឋ អនុប្រធានការិយាល័យព័ត៌មាន និងកិច្ចការទូទៅ លោក លោកស្រី ជាប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំបានចូលរួមផងដែរ។
លោកស្រីបណ្ឌិត ឆៃ ចិន្តាបានពន្យល់និយមន័យនៃពាក្យគន្លឹះមាន÷គ្រោះថ្នាក់រូប ជាសម្ភារៈ វត្ថុធាតុទាំងឡាយណាដែលមានមិនមែនជាផលិតផលអាហារ ហើយអាចបង្កគ្រោះថ្នាក់ដល់អ្នកបរិភោគ។ គ្រោះថ្នាក់គីមី ជាសមាសធាតុគីមី ដែលមាននៅក្នុងអាហារ ហើយអាចបង្កគ្រោះថ្នាក់ដល់អ្នក បរិភោគ។ គ្រោះថ្នាក់ជីវសាស្ត្រ ជាពពួកមីក្រូសរីរាង្គ ដែលអាចផ្តល់ទុក្ខទោសដល់អ្នកបរិភោគ។
លោកស្រីបណ្ឌិត ឆៃ ចិន្តា ប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឡើងធ្វើបទបង្ហាញពីចំណុចសំខាន់ៗនៃមេរៀនផ្តោតទៅលើ៖ ការបង្ហាញពីប្រភេទគ្រោះថ្នាក់រូប, គីមី, ជីវសាស្ត្រ, ផលប៉ះពាល់, និងវិធីសាស្ត្រ គ្រប់គ្រង និងបង្ការ។ ការបង្ហាញពីការអនុវត្តអនាម័យល្អ និង ការអនុវត្តផលិតកម្មល្អ។ ការចែករំលែកពីការរៀបចំខ្សែច្រវាក់ផលិតកម្ម និងកិច្ចការតម្រូវទុកជាមុន ដើម្បីធានាគុណភាព និងសុវត្ថិភាពអាហារ។
លោកពៅ វណ្ណា បានថ្លែងថា ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការស្វែងរកទីផ្សារនិងការចាប់យកបច្ចេកវិទ្យា ត្រូវស្គាល់ពីប្រភេទគ្រោះថ្នាក់រូប គីមី និងជីវសាស្ត្រ យល់ដឹងលើការអនុវត្តអនាម័យល្អ និងការអនុវត្តផលិតកម្មល្អ យល់ដឹងបន្ថែមលើការរៀបចំដ្យាក្រាមនៃខ្សែច្រវាក់ផលិតកម្ម និងលក្ខខណ្ឌតម្រូវទុកជាមុន ដើម្បីធានាបានគុណភាព និងសុវត្ថិភាពអាហារ។
លោកពៅ វណ្ណាបន្ថែមថា សិក្ខាសាលានេះមានចំណុចសំខាន់២គឺ៖ ១-ការចែករំលែកចំណេះដឹង និងការប្រឹក្សាអនុវត្តអនាម័យល្អ និងផលិតកម្មល្អលើវិស័យម្ហូបអាហារ។ ២-កត្តាប្រឈម និងតម្រូវការបច្ចេកវិទ្យា ក្នុងការកែច្នៃផលិតផលគ្រាប់ស្វាយចន្ទី ក្នុងសហគ្រាសមីក្រូតូច និង មធ្យម។
លោកពៅ វណ្ណាបានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងន វានុវត្តន៍ និងសហគ្រាសមីក្រូតូច និងមធ្យម នៅខេត្តកំពង់ធំ ដែលបានគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការស្វែងរកទីផ្សារ និងការចាប់យកបច្ចេកវិទ្យា។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។