អភិបាលខេត្តកំពង់ធំជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទតោ។
ក្នុងពិធីសំណេះសំណាលនោះដែរឯកឧត្តម នួន ផារ័ត្ន បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានភាពតានតឹងនៅឡើយ ជូនដល់បងប្អូនមន្ត្រីរាជការ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានក្រើនរំលឹកដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវគោរពវិន័យនាំឱ្យមានសេចក្តីថ្លៃថ្នូរ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង មានភាពស្មោះត្រង់ ត្រូវពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែប្រសើរឡើង ខិតខំធ្វើការងារ ត្រូវនិយាយតិច ធ្វើឱ្យច្រើន និងមានភាពទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបានបន្តថា ជីវិតជាមន្ត្រីរាជការ ត្រូវក្តាប់ឱ្យជាប់នូវទិសដៅការងារ ចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រនៃការដឹកនាំ របស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នៃការអភិវឌ្ឍន៍ខេត្តកំពង់ធំ ដែលមានទិសដៅច្បាស់លាស់ ដើម្បីឱ្យខេត្តកំពង់ធំមានការរីកចម្រើន។
លើសពីនេះទៀតឯកឧត្តមអភិបាលខេត្តកំពង់ធំ បានច្រើនរំលឹកដល់មន្ត្រីរាជការវ័យក្មេងទាំងអស់ ត្រូវខិតខំអភិវឌ្ឍខ្លួន ឱ្យក្លាយទៅជាមន្ត្រីមានសមត្ថភាពពិតប្រាកដ ខិតខំប្រឹងប្រែងធ្វើការងារ នៅពេលខាងមុខ និងមានអនាគតល្អប្រសើរ។ ព្រមទាំងអំពាវនាវដល់មន្ត្រីរាជការទាំងអស់ សូមជៀសឱ្យឆ្ងាយពីល្បែងស៊ីសងគ្រប់ប្រភេទ ការប្រើប្រាស់គ្រឿងញៀន កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដើម្បីសុខភាពផ្ទាល់ខ្លួន និងសេដ្ឋកិច្ចគ្រួសារ។
ជាចុងក្រោយឯកឧត្តម អភិបាលខេត្តកំពង់ធំ បានសំណូមពរបណ្តាអង្គភាពចុះឱ្យរដ្ឋបាលខេត្ត សូមពង្រឹងការងារនៅតាមវិស័យការងាររបស់ខ្លួនឱ្យបានល្អ ការគ្រប់គ្រងមន្ត្រីក្រោមឱវាទ និងការកែលម្អតាមទីចាត់ការ-អង្គភាព-ការិយាល័យ ឱ្យបានស្អាត និងមានបរិយាកាសល្អ ផាសុខភាពល្អ។ អត្ថបទដោយ រដ្ឋបាលខេត្តកំពង់ធំ