លោកជំទាវ លំ គន្ធារី នាំយកកំណោយមនុស្សធម៌ ទៅសាកសួរសុខទុក្ខអ្នកជាប់ពន្ធនាគារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា និងមន្ត្រីសាខាបាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកំពង់ធំចំនួន៥០នាក់ ស្រីចំនួន០៥នាក់ ក្នុងឱកាសមុនបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែដែលនឹងឈានមកដល់នាពេលខាងមុខនេះនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសនេះ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយពីសំណាក់សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា ដោយមិនមានការរើសអើង ទោះបីក្នុងស្ថានភាពណាក៍ សម្ដេច និងឯកឧត្តមតែងតែមានការអាណិតស្រឡាញ់ និងសូមលើកទឹកចិត្តបងប្អូនទាំងអស់សូមរស់នៅប្រកបដោយអនាម័យជានិច្ច។
លោកជំទាវបានបន្តទៀតថា បន្ទុករបស់រាជរដ្ឋាភិបាល និងមន្ត្រីមានសមត្ថកិច្ច បានយកចិត្តទុកដាក់ផ្តល់កន្លែងស្នាក់នៅ ការហូបចុក និងការអប់រំកែប្រែ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញ និងបំណិនជីវិត ដើម្បីមានសមត្ថភាពប្រកបរបរចិញ្ចឹមជីវិតវិញបានដោយសុច្ចរិត បន្ទាប់ពីមានសិរីភាពឡើងវិញក្រោមម្លប់នៃសុខសន្តិភាព នៅពន្ធនាគារខេត្តកំពង់ធំមាន៦៥% ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន គឺគ្រឿងញៀនជាអ្នកបំផ្លាញយើងទាំងអស់គ្នា បំផ្លាញក្រុមគ្រួសារ ញាតិមិត្ត និងសង្គមជាតិយើង, ហេតុដូចនេះ យើងទាំងអស់គ្នាត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។
ក្នុងនាមប្រធានពន្ធនាគារខេត្តកំពង់ធំ និងមន្ត្រីពន្ធនាគារទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ក្តីអាណិត ស្រឡាញ់ ការលើកទឹកចិត្ត និងអំណោយជូនដល់បងអំណោយដែលផ្ដល់ជូនរួមមានប្អូនជាប់ឃុំក្នងពន្ធនាគារខេត្តកំពង់ធំនេះ។ សូមគោរពជូនពរសម្ដេចសូមជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ បានជាម្លប់ដល់កូនចៅ។
សូមបញ្ជាក់ផង អំណោយផ្ដល់ជូន១នាក់រួមមាន÷អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីត១ កញ្ចប់(មុង ភួយ សារុង ក្រមា) និងថវិកាមួយចំនួនទៀតផងដែរ។ អត្ថបទសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។