មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានសហការជាមួយអង្គការសកម្មភាពដើម្បីអភិវឌ្ឃន៍ ក្រោមជំនួយគំាទ្រពី UNDP នៃកម្មវិធី Climate Promise រៀបចំពិធីអបអរសាទរទិវាអន្តជាតិជនជាតិដើមភាគតិច ក្នុងស្រុកប្រាសាទបល័្លង្ក
(កំពង់ធំ)៖ ឯកត្តម លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានអញ្ចើចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា ក្រោមប្រធានបទ«ការពារសិទ្ទិរស់នៅ និងប្រាស្រ័យទាក់ទងតាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត» ស្ថិតនៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល័្លង្ក ខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
ពិធីនេះក៏មានការចូលរួមពី លោកស្រីប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច អនុប្រធានយកដ្ឋាន តំណាងអង្គការសកម្មភាពដើម្បីអភិវឌ្ឃន៍ (AFD) លោកប្រធានមន្ទីរ មន្ទីរពាក់ព័ន្ធ អភិបាល អភិបាលរងស្រុកប្រាសាទបល្ល័ង្ក មន្ត្រីរាជការ អជ្ញាធរស្រុក ឃុំ ភូមិ ក្រុមការងារ យុវជន កាកបាទក្រហម សសយក និងប្រជាពលរដ្ឋជនជាតិដើមភាគតិច ប្រមាណជាង៤០០នាក់។
លោក សោម សុភ័ក្រ ប្រធានអង្គការសកម្មភាពដើម្បីអភិវឌ្ឃន៍ (AFD) បានលើកឡើងថា ទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ពិភពលោក ក្នុងការការពារសិទ្ធិរស់នៅរបស់ជន ជាតិដើមភាគតិច និងការទទួលស្គាល់នូវសិទ្ធិតួនាទី ក្នុងការប្រាស្រ័យទាក់ទងគ្នារបស់ជនជាតិដើមភាគតិច ជារឿងសំខាន់ដែលមិនអាចខ្វះបានរបស់យុវជន ជាជនជាតិដើមភាគតិច។ លោកបន្ថែមថាអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ បាននិងកំពុងអនុវឌ្ឍន៍គម្រោង លើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច ក្នុងការកំណត់ស្វ័យអត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក្រោមជំនួយគំាទ្រពី UNDP នៃកម្មវិធី Climate Promise ។
ឯកឧត្តម ព្រឹម រដ្ឋា បានថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការសកម្មភាពដើម្បីអភិវឌ្ឃន៍ (AFD) ដែលជាដៃគូដ៏សំខាន់ក្នុងការរៀបចំទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣០ និងលើកទី២០ នៅកម្ពុជា ក្នុងទឹកដីនៃស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាពេលនេះ។ ដើម្បីរួមចំណែកអភិរក្សវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងភាសារដ៏ល្អផូផង់របស់បងប្អូនជនជាតិដើមភាគតិច ដែលធានាដោយច្បាប់ជាតិ និងគោលនយោបាយជាតិនានា ស្របតាមការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តល់ឱកាស និងលើកសិទ្ធិសេរីភាព សេដ្ឋកិច្ចសង្គម និងវប្បធម៌ ក្នុងការបញ្ចេញមតិយោបល់ ដើម្បីការអភិវឌ្ឍលើគ្រប់វិស័យ តាមការអភិវឌ្ឍគម្រោងនានា ស្របតាមយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម លី ណារុន បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបន្តដឹកនាំប្រទេសក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងបង្កើនវឌ្ឍនភាពបន្ថែម ទៀតដល់ប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមបានបន្តថា ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា ក្នុងឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ ការពារសិទ្ធិរស់នៅ និងប្រាស្រ័យទាក់ទងតាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត។ ការប្រារព្ធទិវានេះឡើង គឺពិតជាបានរួមចំណែក យ៉ាងសកម្មក្នុងការលើកកម្ពស់គុណតម្លៃនៃសីលធម៌ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ រស់រវើក និងក៏ជាឱកាសក្នុងការប្រមូលផ្តុំទស្សនៈ ដែលជាគន្លឹះសម្រាប់ជួយអភិវឌ្ឍន៍បងប្អូនជនជាតិដើមភាគតិច ហើយក៏ជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ដល់បងប្អូនជនជាតិដើមភាគតិច ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបានអំនាវដល់គ្រប់ភាក៏ពាក់ព័ន្ធទាំងអស់ បន្តគាំទ្រ និងសហការបន្ថែមទៀត តាមរយៈការអនុវត្តសកម្មភាពស្របតាមគោលនយោបាយច្បាប់ និងអនុក្រឹត្យ ក៏ដូចជាឯកសារគតិយុត្តពាក់ព័ន្ធផ្សេងៗ ព្រមទាំងគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធាន ក្នុងគោលបំណងចូលរួម ចំណែកអនុវត្តន៍ការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព។
សូមបញ្ចាក់ថា ខេត្តកំពង់ធំមានបងប្អូនជនជាតិដើមភាគតិចកួយ (តែមួយអំបូរប៉ុណ្ណោះ) ដែលកំពុងរស់នៅ មានចំនួន ០៥ ស្រុក ១១ ឃុំ ៣០ភូមិ ក្នុងនោះរួមមាន៖ ស្រុកសណ្តាន់មាន ០២ឃុំ ១០ភូមិ មានចំនួនគ្រួសារសរុប៥៧០ ប្រជាជនសរុប ២,៤៥២នាក់ ស្រី១,១៩៦នាក់ ស្រុកប្រាសាទសំបូរមាន ០២ឃុំ ០៣ភូមិ មានចំនួនគ្រួសារសរុប៨៥៧ ប្រជាជនសរុប៣,៨៥២នាក់ ស្រី១,៩៤២នាក់ ស្រុកប្រាសាទបល័្លង្ក មាន០៤ឃុំ ១២ភូមិ មានចំនួនគ្រួសារសរុប១,៧៣៥ ប្រជាជនសរុប៧,៦០៩នាក់ ស្រី៤,២២៨នាក់ ស្រុកកំពង់ស្វាយ មាន០២ ឃុំ ០៤ភូមិ មានចំនួនគ្រួសារសរុប ២២៥ ប្រជាជនសរុប៩៣៧នាក់ ស្រី ៤៨៤ នាក់ ស្រុកសន្ទុក មាន០១ឃុំ ០១ភូមិ មានចំនួនគ្រួសារសរុប ៤២ ប្រជាជនសរុប១០៥នាក់ ស្រី៦៥នាក់។ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យដោយអ៊ុមញឹប។