អតីតយុទ្ធជនពិការដោយសារសង្គ្រាម បានទទួលផ្ទះថ្មីនៅលើដីកម្មសិទ្ធិ នៅភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់ផ្ទះថ្មី ដែលទើបសាងសង់ថ្មី នៅលើដីកម្មសិទ្ធិ របស់អតីតយុទ្ធជនពិការដោយសារសង្គ្រាម មានដីតែមានជម្រករស់នៅមិនសមរម្យ និងមានសមាជិកគ្រួសារច្រើននាក់ នៅភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោក ព្រំ ធីន អាយុ ៥០ឆ្នាំ មានឋានន្តព្រិន្ទបាលឯក បានរៀបរាប់ថា៖ គាត់ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩៦ នៅអង្គភាពកងវិស្វកម្ម វរសេនាតូចលេខ៧១៨ អគ្គបញ្ជាការ ហើយបានត្រូវរបួសពីការភ្នែកនៅក្នុងសមរភូមិក្នុងពេលបំពេញបេសកកម្ម នៅតំបន់ទំនប់ដាច់ ខេត្តឧត្ដរមានជ័យ នៅឆ្នាំ១៩៩៨ ។ គាត់មានភរិយាឈ្មោះ ញ៉ុង ថន អាយុ ៤៨ឆ្នាំ មានកូន និងចៅតូចៗនៅក្នុងបន្ទុកចំនួន ៤នាក់ រស់នៅក្នុងខ្ទមតូចចង្អៀត សាងសង់ផ្ទាល់ដី ដំបូលនិងជញ្ជាំងប្រក់ស័ង្កសី និងស្លឹកត្នោត ប្រកបមុខរបរធ្វើស្រែចម្ការ ព្រមទាំងមានជីវភាពលំបាកខ្វះខាត ទៀតផង ។
លោក ព្រំ ធីន និងភរិយា បានលើកដៃសំពះសូមគោរពថ្លៃអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្ដល់ផ្ទះមួយខ្នងជូនគាត់ ដែលកំពុងមានជីវភាពលំបាកខ្វះខាត និងមានជម្រករស់នៅមិនសមរម្យនៅពេលនេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិងង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទុកជាចំណងដៃ តកូនតចៅ រស់នៅបានសមរម្យជារៀងរហូត ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ មួយចំនួនទៀត ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារលោក ព្រំ ធីន សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រេីប្រាសក្នុងឱកាសទទួលបានផ្ទះថ្មីនេះផងដែរ ។ អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។










![]()
