រដ្ឋបាលខេត្តកំពង់ធំ បន្តចុះរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៥ នៅសាលាស្រុកសន្ទុក
(កំពង់ធំ)៖ ឯកឧត្តម អុឹម សារឿនសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ៤ ឆ្នាំ ២០២៥ ដែលបានប្រារព្ធនៅសាលាស្រុកសន្ទុក នាព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥។
ក្នុងពិធីនេះក៏មានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមន្ទីរអង្គភាព កងកម្លាំងទាំង៣ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ជាច្រើននាក់ផងដែរ។
ឯកឧត្តម អុឹម សារឿន បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ជាយន្តការសំខាន់មួយ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការឆ្លើយតបរបស់ក្រុមប្រឹក្សាខេត្តចំពោះប្រជាពលរដ្ឋ ក្នុងដំណើរការអភិបាលកិច្ច និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីធានារាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ការរៀបចំវេទិកានេះ ក៏ជាវិធីជំរុញឲ្យអ្នកពាក់ព័ន្ធទាំងអស់នៅមូលដ្ឋាន ចូលរួមសកម្មក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យផងដែរ។
ឯកឧត្តមបានបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ក៏ជាវិធីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋអាចប្រាស្រ័យទាក់ទងជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ តំណាងសង្គមស៊ីវិល និងវិស័យឯកជននានាផងដែរ ។ តាមរយៈវេទិកានេះ អ្នកពាក់ព័ន្ធអាចផ្លាស់ប្ដូរបទពិសោធន៍ និងផ្តល់យោបល់អំពីអាទិភាពនៃការអភិវឌ្ឍខេត្តកំពង់ធំ ប្រកបដោយចីរភាព និងមានកាន់ប្រសិទ្ធភាព។
ឯកឧត្តមបានសំណូមពរដល់ សមាជិកចូលរួមទាំងអស់ សូមលើកមតិយោបល់ សំណើ សំណូមពរ និងអនុសាសន៍នានា ដើម្បីកែលម្អដល់ការអភិវឌ្ឍមូលដ្ឋាននៃខេត្តកំពង់ធំ ឲ្យបានផុលផុស ព្រោះយើងទាំងអស់គ្នា ចង់បាននូវការផ្តល់សេវាសាធារណៈពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលឃុំសង្កាត់ ឲ្យបានកាន់តែល្អប្រសើរឡើង។
ឯកឧត្តម ទូច សុខា បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីបញ្ហាពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ បានអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាសភាពស្ងប់ស្ងាត់ មានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយបញ្ហានេះដោយសន្តិវិធី និងយុត្តិធម៌។
គួរបញ្ជាក់ផងដែរថា តាមលទ្ធផលនៃវេទិកានេះ បានទទួលសំណួរ និងសំណូមពរចំនួន១០ បន្ថែមលើសំណួរ និងសំណូមពរផ្ទាល់មាត់ចំនួន១ ផងដែរ។ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យដោយអ៊ុមញឹប។
























![]()
