លោក លី ពេជ្រវីរៈ ត្រូវបានប្រកាសតែងតាំងចូលកាន់មុខតំណែងជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំថ្មីជំនួសលោក សុខ សុផល ដែលត្រូវចូលនិវត្តន៍
(កំពង់ធំ)៖លោក លី ពេជ្រវីរៈ ត្រូវបានប្រកាសតែងតាំងចូលកាន់មុខតំណែងជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្មីជំនួសលោក សុខសុផល ដែលត្រូវចូលនិវត្តន៍ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ស៊ឹង រេត អនុរដ្ឋលេខាធិការការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំថ្ងៃទី ២៤ខែ តុលា ឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ធំ។
ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថាការផ្លាស់ប្ដូរភារកិច្ចគឺជារឿងធម្មតារបស់មន្ត្រីរាជការ នេះជាការបន្តនិរន្តរភាពត្រូវរៀនសូត្រតាមអ្នកចាស់អ្វីដែលល្អសម្រាប់ការអនុវត្តការងារ ចំណុចណាដែលមិនល្អយើងកែសម្រួលកាន់ភ្ជាប់នូវស្មារតីបន្តវេននិងកែលម្អដែលកំហុសឆ្គងដែលមិនល្អដើម្បីអភិវឌ្ឍន៍ស្ថាប័នបានល្អប្រសើរ ។
ឯកឧត្តមបានណែនាំដល់ប្រធានមន្ទីរថ្មី
(១).ត្រូវបន្តនិរន្តរភាពការងារ និងត្រូវរក្សាសាមគ្គីភាព មិត្តភាព តម្លាភាព គណនេយ្យភាពផ្ទៃក្នុងឱ្យបានល្អនិងមានភាពចាស់ទុំជាអ្នកដឹកនាំ។
(២).ត្រូវមានការសហការជាមួយអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
(៣).ត្រូវមានរបៀបរបបការងារឱ្យបានត្រឹមត្រូវតាមប្រកាសនិងសេចក្តីណែនាំ ។
(៤).ត្រូវយកចិត្តទុកដាក់រក្សាបាននូវសុដុមនីយកម្ម ។
(៥).ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលសមត្ថភាពមន្ត្រីរាជការក្រោមឱវាទ ឱ្យស្របទៅនឹងសម័យឌីជីថល។
ឯកឧត្តមបណ្ឌិត ស៊ឹង រេត បានថ្លែងថាពិធីប្រកាសមុខតំណែងនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ឆ្លុះបញ្ចាំងអំពីការទទួលស្គាល់ និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះមន្ត្រីរាជការដែលមានស្នាដៃ គុណសម្បត្តិ សមត្ថភាព ឆន្ទៈ និងការខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបាន ល្អប្រសើរ នៅក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានាក្នុងក្របខណ្ឌនៃកំណែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ កាន់ តែប្រសើរ ក៏ដូចជាពង្រឹង មូលដ្ឋាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សុខសន្តិភាព និងស្ថិរភាពនយោបាយឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្តមបណ្ឌិត ស៊ឹង រ៉េត បានមានប្រសាសន៍ផ្តាំផ្ញើរដល់លោកប្រធានមន្ទីរដែលទើបបានតែងតាំងសូមមានស្មារតីទទួលខុសត្រូវខ្ពស់លើភារកិច្ចការងារប្រចាំថ្ងៃឱ្យបានល្អនិងសូមធ្វើការដោយមានកិច្ចសហការជាមួយថ្នាក់ដឹកនាំតាមឋានានុក្រមដើម្បីបង្កើននូវទំនាក់ទំនងល្អ បង្កើនបទពិសោធន៍ និងចំណេះដឹងវិជ្ជាជីវៈថ្មីៗ និងធ្វើខ្លួនឱ្យបានជាគម្រូល្អដល់មន្រ្តីថ្នាក់ក្រោម ដោយភាពវៃឆ្លាត ចេះអធ្យាស្រ័យផ្ទៃក្នុង មានវិន័យសេចក្ដីថ្លៃថ្នូរ មិនធ្វើឱ្យអាប់ឱនកិត្តិយសដល់ខេត្ត ដល់ក្រសួង និងរដ្ឋាភិបាល ដែលបានប្រគល់សេចក្ដីទុកចិត្តជូនដល់លោក។
ជាមួយគ្នានេះលោក លី ពេជ្រវីរៈ បានធ្វើការប្ដេជ្ញាចិត្តដូចខាងក្រោម៖
១. សាមគ្គីភាពផ្ទៃក្នុងជាមួយមន្ត្រីរាជការក្នុងមន្ទីរ អោយកាន់តែល្អប្រសើឡើង ។
២. សហការណ៍ជាមួយមន្ទីរជំនាញ អង្គភាពជុំវិញខេត្ត អោយបានកាន់តែល្អប្រសើឡើង
៣. ប្រតិបត្តដោយភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ដោយអនុវត្តស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន ។
៤. អនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងខិតខំអនុវត្តគោលនយោបាយទាំង៦ចំនុច និងវិធានគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។