ឯកឧត្តម ហ៊ឹម លីម៉េង ត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពង់ធំ ជំនួសឯកឧត្តម ចាន់ តារា ដែលបានតែងតាំងជាមុខតំណែងថ្មី
(កំពង់ធំ)÷ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីសំណេះសំណាល និងប្រកាសឯកឧត្តម ហ៊ឹម លីម៉េង តែងតាំងជាអភិបាលរងខេត្តកំពង់ធំ ជំនួសឯកឧត្តម ចាន់ តារា ដែលបានតែងតាំងជាមុខតំណែងថ្មី។
កម្មវិធីប្រកាសចូលមុខតំណែងក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ប្រធានមន្ទីរជុំវិញខេត្ត ថ្នាក់ដឹកនាំកងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុកទាំង៩ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ឯកឧត្តម នួន ផារ័ត្ន បានសម្តែងនូវការសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ហ៊ឹម លីម៉េង ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពង់ធំ ដើម្បីចូលរួមចំណែកក្នុងការដឹកនាំ ជំរុញ ឱ្យកាន់តែឆាប់រហ័ស អភិបាលរងខេត្តដែលចូលកាន់តំណែងថ្មីនេះ យកអស់សមត្ថភាព និងបទពិសោធន៍រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ អនុវត្តតាមគោលការណ៍ដឹកនាំលើគ្រប់វិស័យ ជាពិសេសការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅពង្រឹងសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថាបច្ចុប្បន្ននេះ ដោយផ្នែកតាមកម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃដ្ឋសភា និងក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសព្វ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពដោយផ្តោតលើវិស័យអាទិភាពចំនួន៥ គឺ(មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) សំដៅកសាងមូលដ្ឋាន គ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ដើម្បីសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនជូនជាតិ នឹងប្រជាពលរដ្ឋ ទាំងក្នុងក្របខ័ណ្ឌជាតិ និងការងារការទូត តាមរយៈការបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ល្អជាមួយបណ្តាប្រទេស និងស្ថាប័នអន្តរជាតិនានា។
ឯកឧត្តម ហ៊ឹម លីម៉េង ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពង់ធំថ្មី បានប្ដេជ្ញាចិត្តគឺ÷ ១-ស្មោះត្រង់ និងមានភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមជាមួយនឹងឆន្ទៈមុតស្រួច ម៉ឺងម៉ាត់ និងហ៊ានពលិកម្មក្នុងការការពាររាជរដ្ឋាភិបាលស្របច្បាប់ដោយឥតងាករ៉េ។ ២-ចូលរួមអនុវត្ត និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមបទបញ្ជា និងគោលការណ៍ណែនាំនានារបស់ រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ដើម្បីរួមចំណែកក្នុងការ អភិវឌ្ឍនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ។៣-ចូលរួមពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពល្មើសច្បាប់ លួចឆក់ប្លន់គ្រប់ប្រភេទក្រុមជនទំនើង។ ៤-ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរគណៈអភិបាលខេត្ត មន្ត្រី បុគ្គលិកក្រោមឱវាទ រដ្ឋបាលខេត្តកំពង់ធំ និងចូលរួមពង្រឹងកិច្ចសហការល្អជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាពរដ្ឋ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។
៥- ពង្រឹងកិច្ចសហការ និងចូលរួមអនុវត្តការដ្ឋាននៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅមូលដ្ឋាន។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។